ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យភាគីម្ខាងទៀតស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសនឹង ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតតាមបណ្តាលផ្លូវជាតិលេខ៥ ក្នុងក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សូរ សាវី អាយុ ៥២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកឯភាគីម្ខាងទៀតទី១-ឈ្មោះ ហេង វិបុត្រ អាយុ ៣៤ឆ្នាំ មុខរបរ រត់កង់បី (ប្តីរងរបួសជើងខាងឆ្វេង) និងទី២-ឈ្មោះ វ៉ាន់ ថារី អាយុ ៣៤ឆ្នាំ មុខរបរ មេផ្ទះ (ប្រពន្ធ និងកូនអាយុ ២ខួបទៀតពុំមានរងរបួសនោះទេ) បច្ចុប្បន្នអ្នកទាំង ២នាក់ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CI-4311 បានធ្វើដំណើរចំនួន ៣នាក់ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ ២ខួប ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូសង់សេ១២៥ ស៊េរី២០១៤ បានបត់ស្តាំដៃឆ្លងផ្លូវ ភ្លាមៗនោះ ស្រាប់តែមានម៉ូតូ មួយគ្រឿងទៀត ម៉ាក សង់សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-1453 បានជិះក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូសង់ស៊េរី២០១៥នោះបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រឺឯភាគីម្ខាងទៀតបានរងរបួសស្រាល ត្រូវបានដឹកតាមម៉ូតូកង់បីយកទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងសមត្ថកិច្ចចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ ។ ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅវត្តព្រែកព្នៅ ៕ អរុណរះ