ព័ត៌មានទាន់ហេតុការណ៍៖

អស់ទាស់! ទទួលបណ្ណសរសើរពីអគ្គស្នងការនៅព្រឹកថ្ងៃទី១៥ មិថុនា នៅយប់ថ្ងៃទី១៦ មិថុនា ចោរគាស់ផ្ទះពលរដ្ឋយករថយន្តបាត់នៅស្ទឹងមានជ័យ២

ចែករំលែក៖

ភ្នំពេញ៖ វាជារឿងអស់សំណើចចំពោះមហាជនក្នុងមូលដ្ឋានខណ្ឌមានជ័យ និងកំពុងតែទទួលការកោតសរសើរពីថ្នាក់លើអគ្គស្នងការនគរបាលជាតិ ចំពោះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ដែលបទល្មើសបានថយចុះខ្លាំងជាងគេក្នុងចំណោមខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ។

បណ្ណសរសើរត្រូវបានប្រគល់ជូនលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យនៅព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសពិធីបំពាក់ឋានន្តរស័កិ្ត ផ្ទេរភាកិច្ច និងទទួលបណ្ណសរសើរ ដល់មន្តី្រនគរបាលខណ្ឌមានជ័យក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ស្នងការរងនគរបាលរាជធានីភ្នំពេញ ។

ទទួលបណ្ណសរសើរមិនទាន់បានព្យួរជញ្ជាំងស្រួលផង ស្រាប់តែមានករណីចោរ១ក្រុមធ្វើសកម្មភាពគាស់ផ្ទះយករថយន្តម៉ាកLexus មួយគ្រឿងទៅបាត់ទាំងកណ្តាលអាធ្រាត្រ ស្វាគមន៍បណ្ណសរសើររបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យរាជធានីភ្នំពេញ ។

ហេតុការណ៍ចោរគាស់ផ្ទះយករថយន្ត បើយោងតាមលោក កែ សេរីវឌ្ឍនា ជាម្ចាស់រថយន្ត បំរើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានទៅដាក់បណ្តឹងនៅប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ២ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនសុំប្តឹងករណីទៅលើជនសង្ស័យ១ក្រុមមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់សោរផ្ទះលួចយករថយន្ត១គ្រឿងរបស់លោកម៉ាកLexus RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AL-0768 ស៊េរី២០០០ ចេញពីក្នុងផ្ទះរបស់លោកលេខ៨សេ ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ខណៈដែលរូបលោកមិននៅផ្ទះ ។

លោកកែ សេរីវឌ្ឍនា បន្តរៀបរាប់ថា នៅព្រឹកថ្ងៃទី១៥មិថុនា ម៉ោងជាង៩ព្រឹកលោកបានចេញទៅធ្វើការ ហើយបានទុករថយន្តចោលក្នុងផ្ទះនិងកូនសោររថយន្តក៏ទុកនៅលើទូរខាងមុខរថយន្ត ។ លុះពេលល្ងាចម៉ោង១៧ថ្ងៃដដែលក៏បានចេញពីធ្វើការហើយទៅហូបបាយជុំគ្នាជាមួយបងប្អូននៅផ្លូវតាផុន ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងទំពន់១ ហើយក៏មិនបានត្រឡប់មកផ្ទះវិញទេគឺសម្រាក់នៅផ្ទះបងប្អូនតែម្តង ស្រាប់តែនៅពេលព្រឹកម៉ោង៦និង១៥នាទីថ្ងៃទី១៦មិថុនា អ្នករស់នៅជិតខាងក៏បានតេទូរស័ព្ទប្រាប់ថាទ្វារផ្ទះចំហរចោល ។

លោក កែ សេរីវឌ្ឍនា បន្តថាពេលនោះលោកក៏បានមកដល់ផ្ទះឃើញទ្វារផ្ទះចំហរមែន ហើយរថយន្តក៏បាត់ផងដែរ ។ លោក កែ សេរីវឌ្ឍនា ក៏បានសួរទៅកាន់អ្នកជិតខាង ហើយអ្នកជិតខាងក៏បានប្រាប់លោកថា គេបានឃើញរថយន្តចេញពីក្នុងផ្ទះរបស់លោកប្រហែល២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ មិថុនា៕ តាឡឹម


ចែករំលែក៖