ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងឃាត់ខ្លួនក្មេងទំនើង ៦នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ជាបន្តបន្ទាប់ ក្នុងនោះដកហូតបានដាវជាវត្ថុតាង និងសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីសារធាតុញៀនផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងក្នុងចន្លោះម៉ោង១១ និង២៧នាទីរហូតដល់ម៉ោង១១ និង៤៧នាទីយប់ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស៊ុបលូ៨ និងក្លិបកំសាន្តស្លាមាស ស្ថិតក្នុងភូមិរ៉ា ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា នៅម៉ោងខាងលើត្រង់ចំណុចម្ដុំស៊ុបលូ៨ កម្លាំងឃាត់ខ្លួនជនសង្ស័យក្មេងទំនើងចំនួន ០៥នាក់រួមទាំងមធ្យោបាយធ្វើដំណើរម៉ូតូចំនួន ០២គ្រឿង ដកហូតបានដាវសាមូរ៉ៃចំនួន ០១ជាវត្ថុតាង លុះបន្តិចក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធសារធាតុញៀនចំនួន ១នាក់ទៀត រួមទាំងមធ្យោបាយម៉ូតូចំនួន ១គ្រឿងថែមទៀត ។

ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យក្មេងទំនើង និងជាប់ពាក់ព័ន្ធសារធាតុញៀនទាំងចំនួន ៦នាក់ រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរៀបចំចំឯកសារពាក់ព័ន្ធទៅតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖