ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់បើករថយន្តហាយឡែនឌឺមួយគ្រឿង បត់ឆ្វេងឆ្លងផ្លូវមិនប្រយត្ន័ ក៏ត្រូវរថយន្ត ម៉ាក់កាម៉ារី បាឡែន បើកដោយបុរសម្នាក់ ដែលជាមន្ត្រីនគរបាលដូចគ្នា បានជ្រុលទៅបុក ចំហៀងគូថក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យ រថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅជិតវិទ្យាល័យទួលអំពិល ផ្លូវ២១៧ កែងនឹងផ្លូវបេតុង អត់លេខ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាល ពន្លត់អគ្គិភ័យ មួយរូបអាយុប្រហែល ជាង៤០ឆ្នាំ បានបើករថយន្តម៉ាក់ ហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W 8952 បានធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុ បានបត់ឆ្វេង ឆ្លងចូលទៅតាមផ្លូវ បេតុងអត់លេខ លុះរថយន្តបត់ឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានបុរសម្នាក់ទៀត ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលដូចគ្នា វ័យប្រហែលជាង៣០ឆ្នាំ បានបើករថយន្តម៉ាក់ កាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB 4219 បានធ្វើដំណើរតាមផ្លូវ ២១៧ក្នុងទិសដៅពី ត្បូងទៅជើង ក្នុងល្បឿនលឿន ចាប់ថហ្វ្រាំងមិនទាន់បានជ្រុលទៅបុក និងរថយន្តហាយឡែនឌឺ ចំចំហៀង ខាងស្តាំយ៉ាងពេញទំហឹង បណ្តាលរថយន្ត ហាយលែនឌឺ រងការខូចខាត ក្រពិតគូថក្រោយចំហៀងខាងស្តាំ និងវៀចកង់ក្រោយ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ដោយឡែករថយន្ត កាម៉ារីបាឡែនវិញ រងការខូចខាត ខ្ទេចខ្ទីផ្នែកខាងមុខយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សដូចគ្នា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញ់ខណ្ឌបានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានឲ្យតំណាងភាគី ទាំងសងខាងសម្របសម្រួលគ្នា ម្តងទៀត ហើយណាមួយដោយសារតែ អ្នកទាំងពីរ គឺជាកងកម្លាំងដូចគ្នា គឺពួកគាត់សុខចិត្ត យករថយន្តទៅជួសជុល រៀងៗខ្លួនដើម្បីបញ្ចប់រឿង ដោយមិនរំខានដល់សមត្ថកិច្ច ៕ ភារ៉ា ដង្កោ