ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជួនបុគ្គលិក​ធនា​គារម្នាក់ទៅតុលាការករណីប្រទូស​កេរ្តិ៍ខ្មាស

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជួនខ្លួន បុគ្គលិកធនាគារម្នាក់ទៅតុលាការ ក្រោយពីបញ្ចប់នីតិវិធីសាកសួររួចកាលពីថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។

គួររំលិកថា កាលពីថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលា​ម៉ោង​០៥​ និង​៣០​នាទី​នៅ​ចំណុច​មុខ​បន្ទប់​ជួល​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​អូរ​បែ​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។ ​​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់តាមបណ្តឹងស្ត្រីរងគ្រោះ ករណី​អំពើ​ប្រទូស​កេរ្តិ៍ខ្មាស​ (​ចាប់​អោប​ថើប​) ​។

សមត្ថកិច្ចប្រាប់ថា ស្ត្រី​រង​គ្រោះឈ្មោះ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាងដេរ​ខោអាវ​ ស្នាក់​នៅ​បន្ទប់​ជួល ។​

ចំណែក​ជនសង្ស័យ​ឈ្មោះ​ តាំង​ សុ​ភិន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​បុគ្គលិក​ធនា​គារ​បាងកក​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​អូរ​បែ​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​

​សមត្ថកិច្ច​បាន​បន្តទៀតថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ ជា​គូដណ្តឹង​នឹង​គ្នា​ ក្រោយមក​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ បាន​ផ្តាច់​ពាក្យ​វិញ​ លុះដល់​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​ ពេល​យប់ ​ជន​រង​គ្រោះ​ និង​គូដណ្តឹង​ក្រោយ​ ឈ្មោះ​ អ៊ុ​ក​ សុ​គាន់​ កំពុង​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរមក​ជិត​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ​ រួច​ជនសង្ស័យ​យក​ជើង​របស់​ខ្លួន​ធាក់​ទ្វារ​បន្ទប់​របស់​ជន​រង​គ្រោះ​ រួច​ដើរ​ចេញ​ទៅ​បាត់ ​។​

លុះដល់​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ទៀប​ភ្លឺ​ ជនសង្ស័យ​បាន​ធាក់​ទ្វារ​បន្ទប់​របស់​ជន​រង​គ្រោះ​លើក​ទី​២​ ។​ មក​ដល់​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៥​និង​៣០​នាទី​ ជនសង្ស័យ​បាន​មក​ធាក់​ទ្វារ​បន្ទប់​របស់​ជន​រង​គ្រោះជា​លើក​ទី​៣ ​។​ ភ្លាម​នោះ​ ជន​រង​គ្រោះ​បាន​ងើប​បើកទ្វារ​បន្ទប់​មើល​ ស្រាប់តែ​ជនសង្ស័យ​ ប្រើ​ដៃ​របស់​ខ្លួន​ចាប់​អោប​ថើប​ថ្ពាល់​របស់​ជន​រង​គ្រោះ ​។​ ភ្លាម​នោះ​គូ​ដណ្តឹង​ជន​រង​គ្រោះ​ឃើញ​ ក៏​ស្ទុះ​មក​ចាប់​បំបែកចេញ​ រួច​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ ហើយ​ជន​រង​គ្រោះ​ និង​គូ​ដណ្តឹង​ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ យក​ទៅ​សាកសួរ​ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង​ ៕ តុង សីហា


ចែករំលែក៖