ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ បងប្អូនសហគមន៍អ៊ីស្លាមរួមគ្នាបំបែកឯតទគ្គកម្មត្បាញក្រមាវែងជាងគេលើពិភពលោក ផ្ដល់កិត្ដិយសជួនជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការឥស្លាមក្នុងនិងក្រៅប្រទេស ថ្នាក់ដឹកនាំ រួមនឹងតំណាងយុវជនឥស្លាម (CMYA) បានដឹកនាំសហគមន៍អ៊ីស្លាមចូលរួមត្បាញក្រមារួមគ្នា ដើម្បីអបអរសាទរក្នុងកម្មវិធី “បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោកប្រវែង ១,០០០ មែត្រ”ជាមោទកភាព និងកិត្ដិយសសម្រាប់ប្រទេសជាតិលើឆាកអន្តរជាតិ។

លោក អូស្មាន ហាស្សាន់ បានចូរួមត្បាញក្រមាវែងជាងគេនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃចន្ទ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ នៅវាលព្រះមេរុ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យុទ្ធនាការក្រមា «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ ១)លើកកម្ពស់មោទកភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ ។ ៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។​

សូមបញ្ជាក់ថា៖ លោកអូស្មាន ហាស្សាន់ និងក្រុមការងារយុវជនអ៊ិស្លាមទាំងអស់ក៏បានអញ្ជើញទស្សនាការតាំងបង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញពីផលិតផលក្រមានៅទីនេះ ព្រមទាំងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារនៅទីនេះក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ ៕ សំរិត


ចែករំលែក៖