ខេត្តព្រៃវែង៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីផឹកសីស្រវឹងជិះម៉ូតូទៅផ្ទះហើយបាន បុកដើមច័ន្ទគិរីធំមួយដើមបណ្តាលឲ្យបាក់ក និងម៉ូតូខ្ទេចខាងមុខ ។
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលំក្រាលក្រួសក្រហមនៅ ចំណុចភូមិ ព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
នគរបាលស្រុកពារាំងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន ភឿន ហៅឆ្លូញ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។បុរសនេះ ស្រវឹងស្រា ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-0859 ធ្វើដំណើរពីកើតទៅលិចតែម្នាក់ឯង។ លុះមកដល់កន្លែងកើតហតុ បានជ្រុលចង្កូតទៅបុកជាមួយគល់ដើមច័ន្ទគិរី បណ្តាលឲ្យអ្នកបើកបរដួលបាក់កស្លាប់នៅកន្លែងកើតហេតុនិងខ្ទេចខាងមុខទាំងស្រុង ។
ក្រោយកើតហេតុ ម៉ូតូ និងសាកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ សហការី