ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងកោះហៅក្រុមផលិតករនៃផលិតកម្មសាស្តា ទៅស្តីបន្ទោសរឿងថតបទចម្រៀងស្រើបស្រាល

ចែករំលែក៖

ភ្នំពេញ៖ ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែលបង្ហាញពីរូបភាពស្រើបស្រាលខ្លាំង ទទួលបានការរិះគន់មិនសំចៃមាត់ ពីសំណាក់មហាជនជាច្រើនកន្លងមក ។ ដំណឹងចុងក្រោយ បានលើកឡើងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមហៅពួកសិល្បករ និងផលិតករនៃផលិតកម្មសាស្តា ដែលធ្វើបទចម្រៀងស្រើបស្រាលអាសអាភាសមួយនេះ មកទទួលយកការអប់រំពីក្រមសីលធម៌ និងបញ្ឈប់ដឹកនាំសម្តែងបទចម្រៀងដែលស្រើបស្រាល ។

រូបភាពនៃឈុតឆាកស្រើបស្រាលពីបទចម្រៀង ស្រីមុខលុយ សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករផលិតកម្មសាស្តា បានធ្វើឲ្យលេចចេញការរិះគន់ខ្លាំងរហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនអាសអាភាស ព្រោះតែឈុតឆាកជាច្រើនបង្ហាញពីការឱបថើប លូកស្ទាប ស្ទើរគ្មានសល់លើរូបរាងកាយ។

កន្លងមក ផលិតករប្រចាំផលិតកម្មថោនលោក រិទ្ធអូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថា ជាបទចម្រៀងដែលមានតែឱបថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹកបែបនេះ? ។

លោកថា គិតថាធ្វើអ៊ីចឹងទៅល្បីមែន? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ…គ្នាបានគេហៅក្បត់ទេ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង? ខ្ញុំនិយាយព្រោះខ្ញុំទើសហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស ។ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈមិនបានលើកស្ទួយមកជាន់ពន្លិចយកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោសបើខ្ញុំនិយាយខុសតែខ្ញុំវាទើសភ្នែកពេកក្រសួងវប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែងឬផលិតកម្មនេះ» ។

ប្រភពពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា សំណើនៃការក្រុមការងារបានធ្វើរួចរាល់ហើយគឺនៅតែការសម្រេចចុងក្រោយរបស់លោកស្រី រដ្ឋមន្ត្រីប៉ុណ្ណោះ។

ប្រភពបញ្ជាក់ថា ប្រសិនបើសំណើនេះទទួលបានការឯកភាព នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការណែនាំពីមន្ត្រីក្រសួងដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាស់ចាកអំពីការផលិតបែបសិល្បៈនោះ។

ប្រភពលើកឡើងថា ការព្រមាននេះ ក៏ជាគំរូដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃ ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេនី ក្វាន់កន្លងមកនោះទេ ៕ វឌ្ឍនា


ចែករំលែក៖