ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លើកណាត់ផ្លូវលេខ១១០​ ស្ថិតនៅភូមិពោធិកណ្តាល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ សួន សារិត​ ភេទប្រុស អាយុ​៣២ឆ្នាំ ​មុខរបរកម្មករ (មិនពាក់មួកសុវត្ថិភាព) ជិះម៉ូតូហុងដា ធុនសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្តាល1U-5769 រួមដំណើរជាមួយឈ្មោះ​ សែម ចរិយា ភេទស្រី​ អាយុ​២៧ឆ្នាំ​ មុខរបរកម្មករ (មិនពាក់មួក) រងរបូសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅនៅភូមិជ្រោយឬស្សី​ ឃុំប្រសាទ ស្រុកស្អាង​ ខេត្តកណ្តាល​ ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម​ ពាក់ស្លាកលេខកណ្តាល1X-​6492 ជិះដោយឈ្មោះ​ តេវ​ ភេទប្រុស អាយុ​២៦ឆ្នាំ ជនជាតិវៀតណាម (មិនពាក់មួក) មានទីនៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់)​ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកសង់កូរ៉េ ជិះដោយឈ្មោះ តេវ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១០ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះជិះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាពេញមួយទំហឹង ធ្វើដំណើរចករាស់ទិសគ្នា បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូហុងដាឌ្រីមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងនារីម្នាក់ជាប្រពន្ធរួមដំណើរជាមួយរងរបួសធ្ងន់ រីឯអ្នកជិះម៉ូតូសង់កូរ៉េទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញបានចុះអន្តរាគមន៍ហៅរថយន្តសាមុយដឹកជនរងគ្រោះរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖