ខេត្តកណ្ដាលៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកបោះពួយមិនប្រយ័ត្ន ខណៈ ដែលឡើងស្ពានបត់មិនទាន់បានជ្រុលចង្កូតទៅបុកបង្កាន់ស្ពាន បណ្ដាលឲ្យមនុស្សជិះក្នុងរថយន្ត២នាក់ធ្លាក់ផ្លោងពីក្នុងរថយន្តចុះមកក្រោមទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោង២១ និង៤៥នាទី ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាចិន(ហៅស្ពានព្រែកក្ដាមត្រើយខាងលិច) ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់២នាក់ ទី១-ឈ្មោះ ហ៊ុយ គិមហូ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លៀង ពាក់ស្លាកលេខ ភ្នំពេញ3B-4725 ប្រភេទសណ្ដោងរ៉ឺម៉ក និងទី២-ពុំទាន់ស្គាល់អត្តសញ្ញាណ (ជាអ្នករួមដំណើរ ។
ប្រភពដ ដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកឡើងស្ពានដោយល្បឿនលឿន លុះបើកមកដល់កន្លែង(ចំណុចស្ពានកោងបត់ស្ដាំ) បត់មិនទាន់បានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានពេញមួយទំហឹង បណ្ណ្ដាលឲ្យមនុស្ស២នាក់ជាអ្នកបើករថយន្ត និងអ្នករួមដំណើរធ្លាក់ផ្លោងពីក្នុងរថយន្តចុះមកក្រោមទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចណែករថយន្តត្រូវបាននគរបាលជំនាញចុះវាស់វែងដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ