ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរ

ចែករំលែក៖

ខេត្តប៉ៃលឹន៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ រវាងម៉ូតូនឹងម៉ូតូបណ្ដាលឲ្យយុវជនម្នាក់បាក់ជើងម្ខាង និងនារីម្នាក់បាក់ជើងទាំងសងខាង ក្រោយពួកគេបើកម៉ូតូ២គ្រឿង បុកគ្នាទាំងកំរោលក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង ។

ករណីគ្រោះចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣៩នាទីថ្ងៃត្រង់ ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ ត្រង់ចំណុចភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាក លេខ ប៉ៃលិន 1A-6352 បើកបុកគ្នាក្នុងទិសដៅបញ្ច្រាស ជាមួយម៉ូតូម៉ាកមួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាកស្លាក លេខ ប៉ៃលិន 1A-7631 បណ្តាលឲ្យ រងរបួស មនុស្ស៤នាក់ (ស្រាល២នាក់ , ធ្ងន់ ២នាក់) ម៉ូតូទាំងពីរគ្រឿងខូចខាតធ្ងន់ ។

សមត្ថកិច្ចដដែរបន្តទៀតថា ជនរងគ្រោះ ឈ្មោះ ឆាង នឿន ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ជិះម៉ូតូ HONDA Dream សេរីឆ្នាំ២០១១ ម្នាក់ឯង រងរបួសស្រាល។ ចំណែកភាគីម្ខាងម៉ូតូម៉ាក HONDA dream សេរីឆ្នាំ ២០០៩ មាន គ្នា ៣នាក់បើកបរដោយ ឈ្មោះ វិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ របួសស្រាល និងរួមដំណើរទី១ ឈ្មោះ ណយ ដេន ភេទស្រីអាយុ ១៩ឆ្នាំ ជនជាតិខ្មែរ របួសធ្ងន់ ២-ឈ្មោះ ម៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ អ្នក ទាំង ពីរនេះ រស់ភូមិអាឡាំទទឹង ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយម៉ូតូទាំង២គ្រឿង ត្រូវ បាន កម្លាំង ជំនាញ ការិយាល័យនគរបាល ចរាចរណ៍ ផ្លូវគោក យក មក រក្សាទុក នៅ ស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន រង់ចាំ ធ្វើ ការ ដោះស្រាយគ្នាតាមក្រោយ ៕ ស សារ៉េត


ចែករំលែក៖