ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនម្នាក់ រកឃើញ ថ្នាំញៀនជាច្រើនកញ្ចប់ និងដកហូតកាំភ្លើងខ្លីអត់ច្បាប់មួយដើមក៏ចាប់វាយខ្នោះបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃ អង្គារ ៧ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខណៈសមត្ថកិច្ចដើរល្បាតនៅចំណុចក្រុមទី០១ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ឃើញជនសង្ស័យកំពុងលក់ថ្នាំញៀន ក៏ឃាត់ខ្លួនឆែកឆេររកឃើញ ថ្នាំញៀន និងកាំភ្លើងខ្លីមួយដើមតែម្តង ។
នគរបាលស្រុក ភ្នំព្រឹកបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ភឿត សេង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស២កញ្ចប់ និងម៉ូតូ១គ្រឿង។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានទិញគ្រឿងញៀននេះ ពីឈ្មោះ វុធ សុខសួស្ដី ហៅសល់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។ ពេលនោះសមត្ថកិច្ចបានសុំយោបល់ពីលោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបងដើម្បីសុំការអនុញ្ញាតចុះទៅឆែកឆេរផ្ទះឈ្មោះ វុធ សុខសួស្តី ទើប នៅវេលាម៉ោង៦និង៤០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា បានទៅឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ វុធ សុខសួស្ដី ហៅសល់ នឹងរកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ (ធំ១កញ្ចប់ តូច២កញ្ចប់ ) អាវុធខ្លី១ដើម ម៉ាកកាលីឌូ គ្រាប់ចំនួន២គ្រាប់ជាអាវុធខុសច្បាប់ និង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាននគរបាលស្រុកភ្នំព្រឹក កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់ ៕ សហការី