ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៨:០០នាទីព្រឹកកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតបុ័ងតោកាប់បណ្ដាលឲ្យជនរងគ្រោះរងរបួសក្បាលផ្នែកខាងលើដេរចំនួន១៥ថ្នេរ និងរបួស លើដោះខាងឆ្វេង)ឃាត់នៅចំណុចមុខផ្ទះជួលលេខ១៥០ ផ្លូវមាត់ ប្រឡាយបឹងសាឡាង ក្រុម ទី៨ ភូមិ៣ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល លេខ១៥០ ផ្លូវមាត់ប្រឡាយបឹងសាឡាង ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២២:០០នាទី ។
ជនសង្ស័យ ឈ្មោះ កែវ រតនា ហៅ រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើចល័ត ស្នាក់នៅផ្ទះជួលលេខ៧ ផ្លូវលេខ២៥៥ ក្រុមទី១៥ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ លឹម ស៊ីដែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលលេខ១៧ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រងរបួសស្នាម: បែកក្បាលផ្នែកខាងលើដេរចំនួន១៥ថ្នេរ និងរបួសស្នាម លើដោះខាងឆ្វេង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើហេតុ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៨និង៣០នាទី ជនរងគ្រោះឈ្មោះ លឹម ស៊ីដែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូចេញពីផ្ទះជួលក្នុងគោលបំណងមកស៊ីផឹកជាមួយ មិត្តភ័ក្ត្រផ្សេងចំនួន០៤នាក់ ក្នុងនោះក៏មានជនដៃដល់ឈ្មោះ កែវ រតនា បានចូលរួមផឹកជាមួយដែរ ដោយផឹកស៊ីនៅផ្ទះជួលលេខ១៥០ ផ្លូវមាត់ប្រឡាយបឹងសាឡាង ក្រុមទី៨ ភូមិ៣ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លុះផឹកដល់ម៉ោងប្រហែល ២១និង៤០នាទី ជនរងគ្រោះ និងជនដៃដល់ឈ្មោះ កែវ រតនា បាននិយាយភ្នាល់គ្នារឿងពត់ដៃគ្នាអ្នកណាចាញ់អ្នកនោះចេញលុយទិញស្រាផឹក ពេលនោះជនសង្ស័យឈ្មោះ កែវ រតនា បានពត់ដៃគ្នាចាញ់ជនរងគ្រោះឈ្មោះ លឹម ស៊ីដែន ចាញ់ចំនួន០៤ដង តែជនសង្ស័យមិនព្រមចេញលុយទិញស្រាផឹកដូចពាក្យសន្យា ភ្លាមនោះក៏មានទំនាស់ពាក្យសំដីគ្នាកើតឡើង រវាងជនសង្ស័យ និងជនរងគ្រោះ ស្រាប់តែជនរងគ្រោះបាន យកឆ្នាំងសំឡ គប់ទៅលើជនសង្ស័យបណ្ដាលឲ្យត្រូវដៃតែមិនមានរបួសទេ ភ្លាមនោះជនសង្ស័យឈ្មោះ កែវ រតនា ហៅ រតនា បានស្ទុះទៅយកកាំបិតបុ័ងតោ នៅលើគ្រែមកកាន់នៅនឹងដៃ ស្រាប់តែជនរងគ្រោះចូលទៅក៏មានការ ប្រតាយប្រតប់គ្នា បណ្ដាលឲ្យជនសង្ស័យក្រវៀសកាំបិតទៅ បណ្ដាលឲ្យកាំបិតត្រូវជនរងគ្រោះរងរបួសក្បាលផ្នែកខាងលើ មួយកន្លែងដេរ១៥ថ្នេរ និងមួយកន្លែងទៀតត្រូវចំលើដោះខាងឆ្វេង ក្រោយមកក៏មានម្ចាស់ផ្ទះជួល បានជួយឃាត់បំបែកគ្នាចេញរៀងៗខ្លួន ហើយជនរងគ្រោះក៏ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលរបួស នៅគ្លីនិចឯកជន ដេរចំនួន១៥ថ្នេរ ចំណែកជនសង្ស័យឈ្មោះ កែវ រតនា បានរត់គេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៨និង០០នាទីព្រឹក សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ រតនា ចំណុចមុខផ្ទះជួល លេខ១៥០ ផ្លូវ មាត់ប្រឡាយបឹងសាឡាង ក្រុមទី៨ ភូមិ៣ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ចាត់ការតាមនីតិវីធីច្បាប់តែម្ដង ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយក ទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀន ក្នុងទឹក នោម ជាលទ្ធផល មានភាព អវិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ កែវ រតនា កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី ៕ ស តារា