ព័ត៌មានទាន់ហេតុការណ៍៖

យុវជនប្រុសស្រី២នាក់ បើករថយន្តទំនើបទាំងស្រវឹង បួងចង្កូតធ្លាក់ពីលើគល់ស្ពានព្រះមុនីវង្សចាស់ទៅបុកដើមពោធិ៍ខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ បានបើករថយន្តLAND ROVER DISCOVERY មួយគ្រឿង​ ហើយបោះពួយយ៉ាងលឿន រួមទាំងស្រវឹងផងនោះ ក៏បួងចង្កូតមិនទាន់​ ជ្រុលទៅបុកគល់ស្ពាន់ព្រះមុនីវង្ស ចាស់ និងហោះទៅបុក និងដើមពោធិ៍ខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ។

ហេតុការណ៍នេះ បានកើតឡើយនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ រួមដំណើរ និងនារីម្នាក់ បើករថយន្តLAND ROVER DISCOVERY សេរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0016 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច បំណងឆ្លងស្ពាន តែពេលនោះ អ្នកបើកបរមានស្ថានភាពស្រវឹង និងបោះពួយលឿនពេក ខណៈមកដល់ចំនុចកើតហេតុខាងលើបួងចង្កូតមិនទាន់ បានទៅបុកគល់ស្ពាន និងហោះពីលើស្ពានប្រហែល២០ម៉ែត្រជ្រុលទៅបុកខ្ទមអ្នកតា និងដើមពោធិ៍កល់ជាប់ទៅមុខលែងរួច​ ដោយរថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។ ចំណែកអ្នកបើកបររថន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា​ ដង្កោ


ចែករំលែក៖