ភ្នំពេញ៖ រថយន្តម៉ាក Highlander បុកគ្នានឹងរថយន្តម៉ាក Vigo បណ្ដាលឲ្យរថយន្តVigo រេចង្កូតធ្លាក់ចូលក្នុងប្រឡាយលូទឹកស្អុយ និងជាប់មនុស្សប្រុសស្រី២នាក់ នៅក្នុងរថយន្ត តែត្រូវបានអ្នកឃើញហេតុការណ៍ជួយទាញឡើងមកលើផ្លូវវិញ ចំណែកអ្នកបើករថយន្ត Highlander បានរងរបួសបាក់ដៃ ត្រូវបានមិត្តភ័ក្ដិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AB-9342 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតមកលុច ខណៈមកដល់ចំណុចផ្លូវ១០៥ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាក Vigo មួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើកក្នុងទិសដៅពីត្បូងមកជើងតាមបណ្ដោយផ្លូវលេខ១០រថយន្តទាំងពីរគ្រឿង បានបុកគ្នាពេញទំហឹងបណ្ដោយឲ្យ រថយន្ត Vigo បានរេចង្កូត ធ្លាក់ចូលក្នុងប្រឡាយលូទឹកស្អុយ ភ្លាមៗនោះ អ្នកបើកបរ ក្នុងរថយន្ត Vigo បានធាក់កញ្ចក់រថយន្ត ដើម្បីរំដោះខ្លួនចេញមកក្រៅដើម្បីឲ្យគេជួយផងដែរ ចំណែកម្ចាស់ រថយន្ត Highlander ក៏បានរងរបួសបាក់ដៃ ត្រូវបានមិត្តភ័ក្ដិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែង រួចស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕ ស រស្មី