ភ្នំពេញ៖ កុមាររាប់រយនាក់ព្រមទាំងឪពុកម្តាយរបស់ពួកគេបានរីករាយ និងទទួលបានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុជាមួយនឹងការប្រគំតន្ត្រីឆា-ឈីងជាលើកដំបូងបង្អស់ ដែលបានប្រារព្ធឡើងនៅឯផ្សារទំនើបAEON Mall 1កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ។ ព្រឹត្ដិការណ៍នេះបានរៀបចំឡើងជាពិសេសដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជាដោយមានការប្រគំតន្ត្រី និងកម្មវិធីកំសាន្តមួយចំនួនទៀត ។
កម្មវិធីឆា-ឈីងគឺជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹងមធ្យោបាយ និងការអនុវត្តដល់កុមារអាយុចាប់ពី៧ឆ្នាំដល់១២ឆ្នាំ ដែលពួកគេត្រូវការដើម្បីសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុក្នុងការសម្រេចឲ្យបាននូវគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ ។ ចំណុចស្នូលនៃកម្មវិធីនេះគឺជាខ្សែភាពយន្តគំនូរជីវចល ដែលមានរយៈពេល៣នាទីដោយចាក់ផ្សាយលើបណ្តាញទូរទស្សន៍Cartoon Network នៅតំបន់អាស៊ី និងទូរទស្សន៍CTN នៅក្នុងប្រទេសកម្ពុជា ។ ការបងើ្តតកម្មវិធីឆា-ឈីងគឺជាការប្តេជ្ញាចិត្តជាមូលដ្ឋានរបស់ព្រូដិនសលកម្ពុជាក្នុងការគាំទ្រដល់ការអប់រំកុមារ និងការអប់រំផ្នែកហិរញ្ញវត្ថុនៅទូទាំងប្រទេស ។ កម្មវិធីនេះមានគោលបំណងជួយកុមារឲ្យយល់ដឹងអំពីគំនិតមូលដ្ឋានក្នុងការគ្រប់គ្រងប្រាក់កាសចំនួនបួនគឺរកលុយសន្សំចាយ និងបរិច្ចាគ ។
នាយកផ្នែកអតិថិជន និងទីផ្សារក្រុមហ៊ុនព្រូដិនសលកម្ពុជាលោកហ៊ងវុទ្ធីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុសម្រាប់កុមារពីវ័យក្មេងក្នុងការជួយរៀបចំឥរិយាបថ ដែលមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុនៅគ្រប់ដំណាក់កាលទាំងអស់នៃការរស់នៅរបស់ពួកគេ ។ លោកមានប្រសាសន៍ថា“ក្រុមហ៊ុនព្រូដិនសលមានមោទនភាពក្នុងការនាំយកកម្មវិធីអប់រំ និងកំសានដូចជាការប្រគំតន្ត្រីឆា-ឈីងនេះមកកាន់ប្រទេសកម្ពុជា ។ យើងមានសេចក្តីរីករាយណាស់ ដែលបានឃើញកុមារ និងឪពុកម្តាយចូលរួមកំសាន្តក្នុងព្រឹត្ដិការណ៍នេះ ។ ក្រុមហ៊ុនព្រូដិនសលជឿជាក់យ៉ាងមុតមាំថាការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុគឺជាសសរគ្រឹះមួយក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់កម្ពុជាក្នុងរយៈពេលវែង ។
ក្រោយពីចំណាយពេលពេញមួយថ្ងៃក្នុងព្រឹត្ដិការណ៍រួចមកក្មេងៗ និងឪពុកម្តាយរបស់ពួកគេបានចូលរួមក្នុងការបង្ហាញទេពកោសល្យការសម្តែងរបស់តួអង្គតុក្កតាការនិទានរឿង និងការដើរសម្ដែងតួព្រមទាំងការប្រគំតន្ត្រីពីក្រុមតន្រ្តីករឆា-ឈីង ដែលបានលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុតាមរយៈបទភ្លេង និងចម្រៀងស្រួលចាំ ។
លោកស្រីអ៊ុនបូផាន់ណាជាអ្នកម្តាយម្នាក់ក្នុងចំណោមអ្នកចូលរួមជាច្រើនទៀត ដែលបានចូលរួមនៅឯការប្រគំតន្ត្រីឆា-ឈីងបានចែករំលែកបទពិសោធន៍របស់គាត់ថា៖”កម្មវិធីនេះមានផលប្រយោជន៍សម្រាប់ក្មេងតូចៗ ។ តាមខ្ញុំដឹងកម្មវិធីឆាឈីងបង្រៀនពីការសន្សំសំចៃលុយ និងការចាយលុយអោយបានត្រឺមត្រូវ ។ ខ្ញុំគិតថាកម្មវិធីនេះល្អមិនមែនសម្រាប់តែកុមារទេសូម្បីតែមនុស្សធំដូចខ្ញុំក៍ល្អដែរ” ។
កម្មវិធីឆា-ឈីងជាកម្មវិធីមួយក្នុងចំណោមកម្មវិធីវិនិយោគសហគមន៍ ដែលមានការគាំទ្រពីក្រុមហ៊ុនព្រូដិនសលកម្ពុជាជាមួយនឹងកម្មវិធីដ៏មានអត្ថន័យផ្សេងទៀតដូចជាកម្មវិធីអំណានដំបូងកម្មវិធីសាលារៀនសុវត្ថិភាព និងកម្មវិធីអាហារូបករណ៍Cheveningជាដើម ៕ វឌ្ឍនា