ខេត្តបាត់ដំបង ៖ មន្ត្រីរដ្ឋាករទឹកម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារបានសម្រេចចង.កសម្លាប់ខ្លួនបង្កឱ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៦ មិថុនា នេះ ស្ថិតនៅក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
នគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សៀង អាយុ៤១ឆ្នាំ ភេទប្រុស ជាមន្ត្រីរដ្ឋាករទឹកខេត្តបាត់ដំបង និងមានទីលំនៅចំណុចកើតហេតុខាងលើ ។បុរសរូបនេះបានចង.កសម្លាប់ខ្លួននៅក្នុងរោងឈើមួយកន្លែងក្បែរផ្ទះ ដែលអាចធ្វើឡើងនៅវេលាទៀបភ្លឺថ្ងៃកើតហេតុ លុះព្រឹកឡើងទើបត្រូវក្រុមគ្រូសារប្រទះឃើញនាំគ្នាភ្ញាក់ផ្អើលតែម្តង ។ យ៉ាងណាគេនៅមិនទាន់ដឹងអំពីមូលហេតុជាក់លាក់ ដែលនាំឲ្យបុរសរូបនេះសម្រេចបញ្ចប់ជីវិតខ្លួនឯងទេ ក្រៅពីសង្ស័យថា ទំនងមានវិបត្តិក្នុងគ្រួសារនោះ។
ក្រុមគ្រួសារសពបាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានងើបរកទឹកផឹក នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៦ មិថុនា តែពួកគាត់មិនដឹងថា ជនរងគ្រោះដើរចេញទៅខាងក្រៅផ្ទះនោះទេ ។ លុះនៅវេលាទៀបភ្លឺនោះ ពេលម្តាយងើបហាត់ប្រាណក៏ប្រទះឃើញកូនប្រុសជាជនរងគ្រោះបាន ចង.កស្លាប់នៅក្នុងរោងឈើក្បែរផ្ទះបាត់ទៅហើយ ។
ប្រភពដដែលបន្តថា ក្រោយពីទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅកាន់កន្លែងកើតហេតុដើម្បីសាកសួរនិងពិនិត្យសពជនរងគ្រោះ តែក្រុមគ្រួសារជនរងគ្រោះមិនបានបំភ្លឺលម្អិតបែបណាពាក់ព័ន្ធនឹងការធ្វើអត្តឃាតរបស់មន្ត្រីរដ្ឋាករទឹកខាងលើនេះទេ ក្រៅពីនិយាយថាកើតឡើងដោយបញ្ហានៅក្នុងគ្រួសារ ។
ទោះយ៉ាងណាមន្ត្រីនគរបាលជំនាញដែលបានធ្វើកោសល្យវិច័យលើសាកសពបានប្រាប់ថា បជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងដោយចង.កមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា