ខេត្តពោធិ៍សាត់៖ ជនសង្ស័យចោរលួច ១ក្រុមមានគ្នាប្រមាណចំនួន ៤នាក់បានធ្វើសកម្មភាពដាក់ថ្នាំបំពុលសត្វឆ្កែ កាត់សោទ្វាររបងផ្ទះចូលលួចយករថយន្ត ១គ្រឿងមិនបានសម្រេច បន្សល់នូវតែវត្ថុតាងស្បែកជើងកន្រ្តៃ និងសាច់ជ្រូកសង្ស័យប្រឡាក់ថ្នាំពុលប៉ុន្មានផងដែរ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហោ ចាន់នី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
លោក អនុសេនីយ៍ឯក បុិច សុីផាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា ក្រោយកម្លាំងទទួលបានព័ត៌មានពីស្រ្តីម្ចាស់ផ្ទះភ្លាមនោះ បានសហការគ្នាចុះទៅអន្តរាគមន៍យ៉ាងប្រផាប់ប្រភីង ហើយក្រុមជនសង្ស័យចោរលួចបានធ្វើសកម្មភាពក្នុងចន្លោះម៉ោងជាង១១ និង៣០នាទីយប់ ហើយមានគ្នាប្រមាណចំនួន ៤នាក់បានបាចសាច់ជ្រូកសង្ស័យប្រឡាក់ថ្នាំពុលឲ្យឆ្កែសុី រួចបានកាត់សោទ្វាររបងផ្ទះចូលលុួចរុញរថយន្ត ១គ្រឿងម៉ាក តូយូតាកាមរីបាឡែន ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT 4771 ជាកម្មសិទ្ធរបស់ស្រ្តីខាងលើរហូតដល់ក្រៅរបងផ្ទះ ប៉ុន្តែគ្រានោះនៅម៉ោងខាងលើស្រ្តីម្ចាស់ផ្ទះបានភ្ញាក់ពីដំណេក ស្រែកឆោឡោឲ្យគេជួយបណ្ដើររាយការណ៍ប្រាប់អាជ្ញាធរបណ្ដើរ ខណៈនោះក៏នាំគ្នារត់គេចបាត់អស់តែម្ដង ។
លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្តទៀតថា ស្លាកស្នាមជាវត្ថុតាងរួមមាន កាត់មេសោដាច់នៅលើដីចំនួន ០១ ស្បែកជើងចំនួន ២គូ កន្រ្តៃមានកាបូបសម្រាប់ដាក់ចំនួន ០១ និងសាច់ជ្រូកសង្ស័យប្រឡាក់ថ្នាំពុលចំនួនប៉ុន្មានដុំផងដែរ ដូច្នេះករណីក្រុមជនសង្ស័យចោរធ្វើសកម្មភាពចូលលួចយកសម្ភារទ្រព្យសម្បតិ្តប្រពលរដ្ឋមិនបានសម្រេចខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការបន្តធ្វើការស្រាវជ្រាវវែកមុខរកក្រុមជនដែលបានប្រព្រិត្ត ៕ ប៉ឹម ពិន