ព័ត៌មានទាន់ហេតុការណ៍៖

បាត់រថយន្តកាមរីឆ្លាមមួយគ្រឿង តែសមត្ថកិច្ចសង្ស័យជារឿងប្រឌិត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អ្នករត់តាក់ស៊ីម្នាក់បានអះអាងថា ខ្លួនត្រូវចោរចូលលួចរថយន្តជិះទៅបាត់ទាំងយប់ដោយសុវត្ថិភាពដែ អាចកើតឡើងនៅចន្លោះម៉ោង៣ ទៅម៉ោង៤ទៀបភ្លឺឈានចូល ថ្ងៃ អង្គារ ១៤ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ មិថុនា ដែលខ្លួនទុកក្នុងរោងខាងមុខផ្ទះ ស្ថិតក្នុងភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង តែសមត្ថកិច្ចសង្ស័យជារឿងប្រឌិត ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលម្ចាស់អះអាងថា ត្រូវចោរលួចនោះម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌.ស្ករ ស៊េរីឆ្នាំ ១៩៩៨ ពាក់ស្លាកលេខតាកែវ 2A-1449 មានម្ចាស់ឈ្មោះលីម សុផាត ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នករត់តាក់ស៊ី មានទីលំនៅចំណុចកើតហេតុខាងលើ ។

ជនរងគ្រោះនិយាយថា រថយន្តនោះ គាត់ចតក្នុងរោងខាងមុខផ្ទះដូចសព្វដង លុះព្រឹកឡើងភ្ញាក់ពីដេកមិនឃើញរថយន្តនៅក្នុងរោង ទើបមានការភ្ញាក់ផ្អើលនិងរត់ទៅប្ដឹងទៅសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍តែម្ដង។យ៉ាងណាជុំវិញការបាត់រថយន្តនេះ ធ្វើឲ្យសមត្ថកិច្ចស្រាវជ្រាវភ្លាមៗនិងសន្និដ្ឋានជាជំហានដំបូងក្រោយពីសាកសួរបឋមថា ករណីនេះ អាចជារឿងមិនប្រក្រតី ។

សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា បើយោងតាមការបំភ្លឺពីម្ចាស់រថយន្ត និងប្រភពខ្លះៗដែលមន្ត្រីជំនាញទទូលបាន ករណីបាត់រថយន្តនេះ អាចជារឿងដែលកើតឡើងគួរឲ្យសង្ស័យបំផុត ពោលអាចជារឿងប្រឌិត។ សមត្ថកិច្ចកំពុងបញ្ជាឲ្យកម្លាំងជំនាញស៊ើបអង្កេតលើករណីនេះហើយ ដើម្បីស្វែងរកការពិត ។

គួរបញ្ជាក់ថា ករណីចោរលួចរថយន្តនេះ មិនមែនទើបកើតឡើងលើកទី១ទេ សម្រាប់ខេត្តបាត់ដំបង ព្រោះ កាលពីប៉ុន្មានខែមុន ក៏មានការលួចរថយន្តម្ដងដែរ នៅស្រុកមោងប្ញស្សី ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់មានតម្រុយពីមុខសញ្ញាឬចាប់ជនដៃដល់មកផ្តន្ទាទោសនៅឡើយទេ ៕ សហការី


ចែករំលែក៖