ព័ត៌មានទាន់ហេតុការណ៍៖

នាវាទេសចរណ៍អន្តរជាតិផ្ទុកភ្ញៀវជិត៤០០០នាក់មកសំចតនៅកំពង់ផែក្រុងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅ ថ្ងៃ អង្គារ ១៤ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ មាននាវាទេសចរណ៍អន្តរជាតិដ៏ធំមួយគ្រឿង ឈ្មោះ Genting Dream របស់ប្រទេស Bahamas បានចូលមកសំចតនៅកំពង់ផែស្វយ័តអន្តរជាតិ ខេត្តព្រះសីហនុ ដោយនាំមកជាមួយ ភ្ញៀវទេសចរ ជាច្រើនពាន់នាក់។

មន្រ្តីកំពង់ផែក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាឈ្មោះ Genting Dreamនេះទើបមកពីប្រទេសម៉ាទ្បេស៊ីក្នុងគោលបំណងមកធ្វើទស្សនកិច្ច និងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ដោយមាន ភ្ញៀវចម្រុះជាតិសាសន៍សរុបចំនួន ៣,៦៧៤នាក់ ស្រី ២,០៤៩នាក់ និងមានមាន ២១សញ្ជាតិ ។

មន្ត្រីរូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា នេះមិនមែនជាលើកទី១ទេ ដែលនាវាដ៏ធំសម្បើមដឹកភ្ញៀវទេសចរណ៍មកកម្សាន្តនៅក្រុងព្រះសីហនុ ។ ការពិតមានច្រើនលើកមកហើយដោយភ្ញៀវ ទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅក្រុងព្រះសីហនុនេះ ដោយពួកគេបានចំណាយធនធាន និងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់មកទិញវត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាច្រើន ពីបងប្អូនខ្មែរយើងនៅក្រុងទេសចរណ៍មួយនេះ ។ ទាំងនេះក៏ដោយសារពួកគេមានជំនឿថា ប្រទេសកម្ពុជាយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍជឿនលឿន ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ៕ ប្រាថ្នា


ចែករំលែក៖