ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបោះពួយបុកក្មេងជិះកង់ស្លាប់ភ្លាមៗនៅលើកំណាត់ផ្លូវលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុសសិស្សសាលាម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ១គ្រឿង បើកលឿនដូចហោះបានជ្រុលបុកសិស្សរងគ្រោះពេញទំហឹង ខណៈដែលកំពុងជិះកង់ឆ្លងថ្នល់ពីជើងទៅត្បូង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៥ លេខ១៧៦ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំប្រាប់ថា កូនសិស្សរងគ្រោះ(ស្លាប់)ឈ្មោះ រឿន ចយ ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយមុនពេលកើតហេតុគេឃើញក្មេងរងគ្រោះជិះកង់ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត រួចបត់ឆ្វេងដៃឆ្លងថ្នល់ពីត្បូងទៅជើងស្រាប់តែមានរថយន្ត ១គ្រឿងបើកបរលឿនដូចហោះក៍ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យប៉ើងដូចក្រដាស់ស្លាប់ភ្លាមៗតែម្ដង ។

ប្រភពរាយការណ៍ខាងលើបន្តថា រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J 5980 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះមកទិសខាងលិច ចំណែកអ្នកបើកបររត់គេចបាត់ សាកសពក្មេងប្រុសជាសិស្សសាលារងគ្រោះបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង ២គ្រឿងរថយន្ត និងកង់ មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកទៅរក្សាទុកជាបណ្ណោះអាសន្ន ដើម្បីរង់ចាំបន្តតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖