ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាសេ១២៥បុកពីក្រោយរថយន្តខូចឈប់ចតលើផ្លូវពេញទំហឹងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់ និងតក់ស្លុតបំផុត ខណៈមានរថយន្តហ៊ីយ៉ានដាយធុនធំមួយគ្រឿងខូចឈប់ចតលើផ្លូវកំណាត់ផ្លូវជាតិលេខ១ត្រូវម៉ូមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនស្របទិសគ្នាពីលិចមកកើតចាប់ហ្វ្រាំងមិនទាន់ ក៏បុកចូលរថយន្តយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ និងសមត្ថកិច្ចទាំងយប់មកអន្តរាគមន៍ យកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៥០នាទីយប់ នៅលេីផ្លូវជាតិលេខ០១ នៅចន្លោះ‌គីឡូម៉ែត្រ លេខរ‌១៥៧>១៥៨ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ធ្ងរមានឈ្មោះគង់ គិន អាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិល្ហើយ ឃុំព្រាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដោយជិះម៉ូតូម៉ាកហុងដា ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង.1J.0050 ខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា មុនកើតហេតុមានរថយន្ត១គ្រឿង ម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0032 បើកបរដោយឈ្មោះ តុល ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តរស់ភូមិស្រែញ័រ ឃុំពងទឹក ស្រុកដង្កោខេត្តកណ្ដាល ខណៈធ្វើដំណើរពីលិចមកកើត លុះបើកមកដល់ចំណុចខាងលើរថយន្ត ក៏បានខូចហើយនៅពេលនោះ ក៏បានឈប់រថយន្តលើផ្លូវជាតិលេខ១ បន្ទាប់មកស្រាប់តែមាន ម៉ូតូ០១គ្រឿង បុកពីក្រោយលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍សមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងយកជនរងគ្រោះទៅព្យបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងព្រមទាំងវាស់វែង និងយកវត្ថុតាងទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖