ប៉ោយប៉ែតៈ របងថ្មមួយកន្លែង ដែលសង់រំលោភដីចំណីផ្លូវ ត្រូវគេមើលឃើញថាម្ចាស់បញ្ជាឲ្យក្រុមកម្មករវាយកម្ទេចចោលទាំងយប់ ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីតាំងចំណុចខាងជើងសាលារៀនពីរជាន់តាមបណ្ដោយផ្លូវ(ZOA) ឋិតក្នុងភូមិមិត្តភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មន្ត្រីសាលា ក្រុងប៉ោយប៉ែតប្រាប់ថាម្ចាស់ ដែលសង់របងរំលោភយកដីចំណីផ្លូវមានឈ្មោះមៀង ហៃ ហៅហៃ ប៉ាត់គី ភេទប្រុស រស់នៅក្នុងភូមិកើតហេតុ ។
មន្ត្រីសាលាក្រុបញ្ជាក់ថាៈ បន្ទាប់ពីទទួលបានព័ត៌មានថាម្ចាស់ទីតាំងខាងលើបានសង់របងរំលោភយកដីចំណីផ្លូវ រហូតដល់ទៅ៤ម៉ែត្រ គណៈបញ្ជាការ ក្រុងបានចុះពិនិត្យមើលឃើញថា ម្ចាស់ទីតាំងខាងលើពិតជាសង់របងរំលោភយកដីចំណីផ្លូវមែន ។ នៅក្នុងប្រតិបត្តការខាងលើនេះ ដឹកនាំដោយលោកទូច នុម្នី អភិបាលរង ក្រុងប៉ោយប៉ែតរួម និងសមត្ថកិច្ចផងដែរ ។
ក្រោយពីពិនិត្យនៅសំណង់ខាងលើនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាព ក្រុងបានកោះហៅម្ចាស់ទីតាំងមកណែនាំពន្យល់ និងធ្វើកិច្ចសន្យាដើម្បីឲ្យម្ចាស់ទីតាំងខាងលើរុះរើរបងដោយខ្លួនឯង រួមទាំងដាក់ឱសានវាទមួយសប្តាហ៍ បើមិនព្រមអនុវត្តតាមអ្វី ដែលគណៈបញ្ជាការឯកភាពនោះទេ ម្ចាស់ទីតាំងនឹងប្រឈមមុខជាមួយតុលាការ ។
មន្ត្រី ក្រុងបន្ថែមថា ក្រោយពីគណៈបញ្ជាការឯកភាពធ្វើកិច្ចសន្យារយៈពេល៩ម៉ោង នៅល្ងាចថ្ងៃទី២៥ ខែមិថុនា លោកមៀង ហៃ បានយកគ្រឿងចក្រវាយរបងកម្ទេចចោល ដែលសង់រំលោភយកផ្លូវសាធារណៈដោយខ្លួនឯងទាំងយប់ ព្រោះវាយថ្ងៃខ្លាចខ្មាស់អ្នកស្រុកធ្វើដំណើររិះគន់ ។
ប្រជាពលរដ្ឋអ្នកធ្វើដំណើរឃើញហេតុការណ៍បាននិយាយថាកំហុស ដែលខ្លួនធ្វើទទួលខុសត្រូវចំពោះមុខច្បាប់គឺពិតជាល្អ ម្យ៉ាងទៀតការសង់បំពានយកដីចំណីផ្លូវគឺត្រូវតែទទួលខុសត្រូវមុខច្បាប់ចំពោះអ្នកមិនទានអនុវត្ត ព្រោះនៅ ក្រុងប៉ោយប៉ែតដីផ្លូវមួយចំនួនទៀត ត្រូវបានក្រុមឈ្មួញ និងអ្នកមានអំណាចកំពុងតែរំលោភ ។
ពួកគាត់បង្ហើបថានៅក្នុងភូមិសាមគ្គីមានជ័យក្នុងសង្កាត់ និង ក្រុងប៉ោយប៉ែតថ្មីៗនេះ ផ្លូវចំនួន៣ខ្សែត្រូវក្រុមឈ្មួញបោះបង្គោលយក ពួកគាត់សង្ឃឹមថា អាជ្ញាធរ នឹងមានវិធានការដូចដែលម្ចាស់ទីតាំងខាងលើនេះដែរ ៕ វណ្ណា