ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមយ៉ាងលឿន ជ្រុលទៅបុកម៉ូតូរ៉ឺម៉កកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូរ៉ឺម៉កក្រឡាប់កិនលើម៉ូតូធូដេដែលមកពីក្រោយ រងការខូចខាតតិចតូច តែបង្កឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូមកបុក រងរបួសធ្ងន់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២៧១ កែងផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសម្ដីពីអ្នកបើកបរម៉ូតូរ៉ឺម៉កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បើកម៉ូតូរ៉ឺម៉កមកពីស្ទឹងមានជ័យ ហើយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកែងផ្លូវលេខ៤៨០ ក៏បានបត់ឆ្វេងឆ្លងផ្លូវ រួមមាននារីម្នាក់ជិះម៉ូតូធូដេ មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FF-7978 បានឆ្លងផ្លូវតាមក្រោយ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-7057 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងលឿន និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូរ៉ឺម៉កចំពីមុខពេញទំហឹង បណ្ដាលឲ្យរបួសបាក់ដៃម្ខាង (ធ្ងន់) និងបណ្ដាលឲ្យម៉ូតូរ៉ឺម៉កក្រឡាប់កិនម៉ូតូធូដេនៅនិងកន្លែង តែម្ចាស់ម៉ូតូធូដេចេះលោតចេញទាន់ និងខូចខាតតិចតួច និងមិនរងរបួស។
ក្រោយកើតហេតុ ម្ចាស់ម៉ូតូហុងដាឌ្រីម ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ ។ ចំណែកភាគីខាងម៉ូតូរ៉ឺម៉ក បានចរចាជាមួយភាគីខាងម៉ូតូរងរគ្រោះ និងព្រមចេញថ្លៃខូចខាត និងថ្លៃរបួសដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ