ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG-7531 តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត និងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-9267 ដែលបើកបរដោយបុរសពីរនាក់តាមបណ្តោយផ្លូវ២៦៥ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នរួចក៏ជ្រុលទៅបុកម៉ូតូឌ្រីមខាងលើចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យម៉ូតូវ៉េវរងការខូចខាតផ្នែកខាងមុខទាំងស្រុង រីឯអ្នកបើកបររងរបួសធ្ងន់ទាំង២នាក់។ ចំណែកឯម៉ូតូឌ្រីមរងការខូចខាតបែកម៉ាស៊ីន រីឯអ្នកបើកបររងរបួសស្រាល។ ភ្លាមៗនោះជនរងគ្រោះដែលរងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ