ខេត្តពោធិ៍សាត់ ៖ អភិបាលស្រុកកណ្តៀង លោក ឆាយ គឹមម៉ុង និងសហការីច្រើនជាង១០ នាក់ កាលពីថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ចុះទៅបង្ក្រាបកាប់បំផ្លាញឧបករណ៍បរ របស់ប្រជាពលរដ្ឋនៅ ចំណុចព្រែកតាចាន់ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ អ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះ មុនធ្វើដំណើរទៅដល់ទីកន្លែងបង្ក្រាបបទល្មើស លោកអភិ បាលស្រុក និងប្រតិភូ បានឆ្លងកាត់បទល្មើសជាច្រើនដូចជាបរនៅចុងព្រែកតាចាន់,មាត់ ព្រែកតាចាន់ , ជ្រោយវែង ,កោះក្អែក , ព្រែកស្រីចឹក ….។ ដែលបណ្តាចំណុចទាំងនេះ សុទ្ធ តែមានបទល្មើសបរជាច្រើនខ្សែ ។
ប្រជាពលរដ្ឋអ្នកនេសាទនៅឃុំរាំងទិលស្រុកកណ្តៀងបាននិយាយថា លោកអភិបាលស្រុកបង្ក្រាបបទល្មើសហាក់ដូចជាមានកំហឹង និងគំនុំជាមួយពលរដ្ឋ ។ នៅពេលទៅដល់ ទីតាំងបង្ក្រាបបទល្មើស ប្រជាពលរដ្ឋបានស្នើសុំលោកអភិបាលស្រុករើឧបករណ៍ល្មើស នេះចេញ ។ ពេលនោះលោកអភិបាលស្រុកបានអនុញ្ញាតឲ្យរើឧបករណ៍បរដាក់លើទូក របស់ប្រជាពលរដ្ឋ ។ នៅទីបំផុតឧបករណ៍នោះ ត្រូវបានក្រុមលោកអភិបាលស្រុករើដាក់ ទូករបស់ខ្លួនយកទៅដុតកម្ទេចចោល ។
ប្រជាពលរដ្ឋប្រហែល២០គ្រួសារ នៅភូមិកោះក្អែក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បាននាំគ្នាមកតវ៉ានៅមុខសាលាខេត្តពោធិ៍សាត់ សុំឲ្យអាជ្ញាធរខេត្តជួយដោះស្រាយករណីដែល លោកអភិបាលស្រុកកណ្តៀងរឹបអូសឧបករណ៍របស់ពួកគាត់តែប៉ុន្មានគ្រួសារយកទៅដុត បំផ្លាញចោល នៅគ្រាដែលបទល្មើសនេសាទមានព្រោងព្រាតកំពុងកើតមាននៅតំបន់ នោះ។
បទល្មើសនេសាទនៅតំបន់រាំងទិល ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមដែន សមត្ថកិច្ចមន្ត្រីជលផល លឹម សុក្រឹត បាននឹងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ។ អាជ្ញា ធរមានសមត្ថកិច្ចច្រើនផ្នែក ដែលមានសិទ្ធិបង្ក្រាបបទល្មើសរួមទាំងអាជ្ញាធរស្រុកផង។ ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរបង្ក្រាបបទល្មើសដោយដុំដោយកន្លែង ។ ប្រជាពលរដ្ឋ និយាយថា បុគ្គលណាឲ្យលុយសមត្ថកិច្ច និងអាជ្ញាធរ នោះគេអាចនេសាទល្មើសច្បាប់ ដោយសេរីបាន ។ ផ្ទុយទៅវិញ ពលរដ្ឋអ្នកនេសាទស្លូតត្រង់ដែលមិនបង់លុយកាក់ឲ្យ ជំនាញនិងអាជ្ញាធរ មុខជាត្រូវចាប់យកឧបករណ៍ដុតកម្ទេចហិនហោចជាមិនខាន ៕ ប៉ឹមពិន