ភ្នំពេញ៖ ដោយសារតែឥទ្ធិពលគ្រឿងញៀន បានធ្វើឲ្យបុរសម្នាក់មិនគិតគូររឿងការងាររកស៊ី គិតតែពីដើរសេពគ្រឿងញៀនរហូតស្រវឹងនិងញៀនស្ទើររៀងរាល់ថ្ងៃ ហើយនៅពេលដែលបែកថ្នាំម្តងៗនិយាយលែងស្ដាប់គ្នា បានធ្វើឲ្យស្ត្រីជាប្រពន្ធសម្រេចចិត្តប្តឹងសមត្ថកិច្ចយកទៅដាក់មណ្ឌលកែប្រែនិងបានលែងលះគ្នា (ឈប់ធ្វើជាប្តីប្រពន្ធ)។ ក្រោយមកប្រពន្ធបានយកប្ដីថ្មីម្នាក់ទៀត ចំណែកបុរសជាប្តីមុន បន្ទាប់ពីបានចេញពីមណ្ឌលកែប្រែមួយរយ: ក៏ត្រលប់មកផ្ទះដើម្បីសុំត្រូវគ្នាវិញជាមួយប្រពន្ធ ហើយពេលដឹងថាប្រពន្ធយកប្ដីថ្មីទៀត ក៏កើតចិត្តប្រច័ណ្ឌហើយក៏រករឿងនិងទាញកាំបិតដេញកាប់បុរសជាប្តីក្រោយបណ្ដាលឲ្យរងរបួសរយះក្បាលហូរឈាមប្រឡាក់ស្រោចពេញខ្លួន ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដៃដល់ដែលជាប្ដីទី១ខាងលើ មិនត្រូវបានស្គាល់ឈ្មោះ វែង ។ ចំណែកស្ត្រីជាប្រពន្ធនិងប្ដីក្រោយក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដែរ។ ហើយភ្លាមៗនោះនាំគ្នាទៅព្យាបាលរបួសបាត់រហូតដល់វេលាល្ងាចថ្ងៃដដែលទៅហើយមិនទាន់ឃើញទៅដាក់ពាក្យបណ្ដឹងនៅឡើយ។
យោងតាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ស្ត្រីខាងលើមានប្ដី២នាក់ដោយមិនបានរៀបការដូចគ្នា ហើយប្ដីទី១មិនគិតការ ងាររកស៊ីឡើយ គិតតែពីដើរសេពគ្រឿងញៀនរហូតញៀនយ៉ាងងប់ងុល។ ចំណែករូបនាងបានសុំឲ្យកែខ្លួនប៉ុន្តែប្ដីមិនព្រមស្ដាប់សោះទើបចុងក្រោយ នាងនាំទៅដាក់មណ្ឌលកែប្រែគ្រឿងញៀនហើយក៏សម្រេចចិត្តលែងលះប្ដីនោះចោលតែម្ដង ហើយមួយរយ:ពេលក្រោយមកក៏បានយកប្ដីទី២ម្នាក់ទៀត។ ចំណែកប្ដីទី១ក្រោយពេលជាប់នៅមណ្ឌលកែប្រែមួយរយះទើបចេញ កាលពី១អាទិត្យមុនប៉ុណ្ណោះ លុះពេលបានដឹងថាប្រពន្ធយកប្ដីទៀតក៏កើតចិត្តខឹងនិងប្រច័ណ្ឌហើយក៏រករឿងព្រមទាំងទាញកាំបិតដេញកាប់បណ្ដាលឲ្យប្ដីក្រោយរបស់ប្រពន្ធរងរបួសរយះក្បាលយ៉ាងធ្ងន់ ។
ក្រោយកើតហេតុជនដៃដល់ជាប្តីមុនបានរត់គេចខ្លួនបាត់ ពេលកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចេញទៅអន្តរាគមន៍ដែរប៉ុន្តែពេលទៅដល់ជននោះបានគេចខ្លួនបាត់ទៅហើយ ទើបឲ្យប្រពន្ធនិងប្ដីក្រោយទៅព្យាបាលរបួសសិនចាំដាក់ពាក្យបណ្តឹងជាក្រោយ ៕ ស តារា