ចំនួនវត្ថុមានតម្លៃដែលប៉ូលិសបានរឹបអូសពីវិមាន របស់អតីតនាយករដ្ឋមន្ត្រី ម៉ា ឡេស៊ី លោក Najib Razak និងភរិយា បានធ្វើឲ្យមនុស្សគ្រប់រូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមួយលើកទៅមួយលើក។
ប៉ូលិសម៉ាឡេស៊ីនៅថ្ងៃទី ២៧ខែមិថុនា បានប្រកាសឲ្យដឹងថា កម្លាំងសមត្ថកិច្ច ទើបតែដកហូតបានគ្រឿងអលង្ការ និងវត្ថុមានតម្លៃជាច្រើនទៀតសរុបគិតជាទឹក ប្រាក់មានរហូតដល់ទៅ ២៧៣លានដុល្លារ អាមេរិក ក្នុងនោះមាន លុយ ៣០លាន ដុល្លារ ។ វត្ថុទាំងនោះដកហូតពីផ្ទះ ផ្ទាល់ ខ្លួនរបស់លោក Najib Razak និងភរិយាគឺ លោកស្រី Rosmah ។ កន្លងមកលោក Najib ត្រូវបានចាប់ខ្លួនដើម្បីបំពេញតាមការស្រាវជ្រាវពាក់ព័ន្ធនឹងអំពើពុករលួយ បង្កឲ្យមានរឿងអាស្រូវជាច្រើននៅក្នុង ប្រទេស។
ការស្រេកឃ្លានវត្ថុមានតម្លៃរបស់ភរិយាអតីតនាយករដ្ឋមន្ត្រីត្រូវបានលើកយកមកពិភាក្សាយ៉ាង ទូលំទូលាយនៅម៉ាឡេ ស៊ី ប៉ុន្តែការដកហូតថ្មីនេះបង្ហាញឲ្យឃើញថា គ្រួសារអតីតនាយករដ្ឋមន្ត្រីពិតជារស់នៅហឺុហារស៊ីវិល័យ ។
លោក Amar Singh ប្រធានការិយាល័យប្រឈឆាំងបទល្មើសពាណិជ្ជកម្ម នៃកម្លាំង ប៉ូលិស ម៉ាឡេស៊ី បានឲ្យដឹងថា នេះជាការរឹបអូសទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ។ លោកបន្តទៀតថា អតីត នាយករដ្ឋមន្ត្រីនិងភរិយា នឹងត្រូវបានកោះហៅទៅបំភ្លឺនៅក្នុងពេលឆាប់ៗខាងមុខ ពាក់ព័ន្ធនឹងវត្ថុមានតម្លៃ ក៏ដូចជាអ្នកដែលបានជូននូវវត្ថុមានតម្លៃទាំងនោះ។កាលពីខែឧសភាកន្លងមក គ្រួសារអតីតនាយក រដ្ឋមន្ត្រី ត្រូវបានហាមប្រាមចេញពីប្រទេសម៉ាឡេស៊ី ។ កន្លងមក ពួកគាត់ក៏ត្រូវបានសាកសួរពីក្រុមអ្នកសើុបអង្កេត ប្រឆាំង អំពើពុករលួយផងងដែរ។
ក្នុងចំណោមវត្ថុមានតម្លៃដែលប៉ូលិសរឹបអូស ក្រោយការឆែកឆេរផ្ទះផ្ទាល់ខ្លួន របស់ អតីតនាយករដ្ឋមន្ត្រី ជាច្រើនសប្តាហ៍ កន្លងមក គេបានរកឃើញគ្រឿងអលង្ការ ១.២០០មុខមានតម្លៃ រហូតដល់ទៅ១០៩ លានដុល្លារអាមេរិក នេះគ្រាន់តែគិតពី ត្បូងពេជ្រ ដែល ដាំនៅលើវត្ថុទាំងនោះ។ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា តម្លៃពិតនៃវត្ថុទំាងនោះគឺខ្ពស់ជាងនេះឆ្ងាយ ណាស់។
ក្រៅពីនេះនៅមានប្រាក់សុទ្ធមានតម្លៃ២៩លានដុល្លារអាមេរិក ក្នុងនោះមាន ក្រដាសប្រាក់ ២៦ប្រភេទ មកពី ២៦ ប្រទេសផ្សេងគ្នា ។ គ្រាន់តែប្រាក់ទាំងនោះ ប៉ូលិស២២នាក់ ត្រូវចំណាយពេលរហូត ដល់ទៅ៣ថ្ងៃទើបរាប់រួច បើទោះបីបាន ប្រើប្រាស់ ម៉ាសីនរាប់លុយក្តី។ ក្រៅពីនេះ កីបានរឹបអូសនាឡិកាដៃ ៤២៣គ្រឿង គ្រប់ប្រភេទមានតម្លៃ ១៩លានដុល្លារ អាមេរិក និងវ៉ែនតា ២៣៤គ្រឿង មានតម្លៃ ៩៣.០០០ដុល្លារ។
នៅក្នុងសន្និសីទកាសែតដែលរៀបចំឡើងនៅក្នុងទីក្រុងគូឡាឡំពួរ កាលពីថ្ងៃ ទី២៦ខែមិថុនាកន្លងមក មន្ត្រីម៉ាឡេស៊ី បានថតរូបជាច្រើនស្តីពីគ្រឿងអលង្ការ វត្ថុមានតម្លៃផ្សេងៗ បានប្រកាសជាសា ធារណៈ។ ក្រៅពីវត្ថុខាងលើ ប៉ូលិស ក៏បាន រឹបអូស ប្រអប់មួយមាន ក្រវិល ២.៨០០ គូ ,ចិញ្ចៀន ២.២០០ វង់ ,កងដៃ២.១០០កង, ស្នៀតសក់១.៦០០គ្រឿង ,កងពាក់ក. ១.៤០០កង…មានតម្លៃខ្ពស់។ វត្ថុដែល មានតម្លៃបំផុតនៅក្នុងចំណោម នោះគឺ កង ដៃ ដែលដាំពេជ្រ មានពណ៌សនិង ក្រមៅ មានតម្លៃ ១,៥លានដុល្លារ អាមេរិក។ គ្រាន់តែ កាបូប ម៉ាក Hermes ដែល លោកស្រី Rosmah ប្រើប្រាស់មានតម្លៃ ដល់ទៅ ១២លានដុល្លារ ៕ ម៉ែវ សាធី