ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទារិចបើកបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទំនងជាស្រវឹងធ្វើដំណើរក្នុងល្បឿនលឿន ជ្រុលបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវ បណ្តាលឲ្យរងការខូចខាតបាក់បង្គោលអស់មួយដើម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខសាលាបឋមសិក្សាបឹកកេងកង តាមបណ្តោយផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌចំការមនរាជធានីភំ្នពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 0925 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបន្ថោយល្បឿន បណ្តាលឲ្យបាក់អស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖