ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់បុរសម្នាក់ជាអ្នកដើរឆបោកទារប្រាក់ពីម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ទនៈ

ចែករំលែក៖

ភ្នំពេញ៖​ កាលពីរសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូល​ និងមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយម្ចាស់ដេប៉ូប្រេងតេលា ឡូង ស៊ីដេត បានឃាត់បុរសម្នាក់ជាអ្នកដើរឆបោកប្រាក់ស្ថានីយ៍ប្រេងឥន្ទនៈបានហើយ បន្ទាប់ពីមានការប្រកាសរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធករណីជនខិលខូច ដើរឆបោកទារប្រាក់ពីម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ទនៈ នាពេលកន្លង ។

ករណីឃាត់ខ្លួនជនឆបោកខាងលើនេះ បានកើតឡើងនៅចំណុចផ្លូវលេខ២៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពពី លោក លឿង រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចន ញ៉ា ជិះរថយន្តម៉ាក High Lander ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ 2AO-2163។ ជនសង្ស័យរូបនេះ បានអះអាងថា ជាអ្នកបើករថយន្តឈ្នួល ហើយរូបគេទទួលបញ្ជាពីសមត្ថកិច្ច មកឲ្យទារប្រាក់ពីម្ចាស់ដេប៉ូប្រេងឥន្ទនៈខាងលើនេះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំព័ត៌មាន និងបញ្ជូនឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ស​ តារា


ចែករំលែក៖