ខេត្តសៀមរាប៖ មន្ត្រីពន្ធនាគារ ខេត្តសៀមរាបម្នាក់ បានសន្លប់ស្ដូក ក្រោយពីជនបរទេស២នាក់បើកម៉ូតូកង់៤ ក្នុងល្បឿនលឿនបញ្ច្រាសទិសគ្នា ជ្រុលទៅបុកទាំងកំរោល ខណៈកំពុងធ្វើដំណើរតាមផ្លូវកាលពីថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាបនោះ បានទទួលសំណងហើយនៅថ្ងៃទី២៩ ខែមិថុនា ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ ចំណែកជនបរទេស ទាំង២នាក់រងរបួសស្រាល។
នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន ខេត្តសៀមរាប លោកវរសេនីយ៍ឯកជឹម សុវណ្ណ បានឲ្យដឹងនៅថ្ងៃទី៣០នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះខាងលើ លោកទទួលបានរបាយណ៍ហើយ ក្នុងនោះលោកបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដោយលោកបានឲ្យដកហូតយកម៉ូតូកង់៤ ដែលជាម៉ូតូរបស់ក្រុមហ៊ុនមួយនៅ ក្នុងក្រុងសៀមរាប ដែលបានជួលឲ្យភ្ញៀវជិះដើរលេង និងបង្ករបួសស្នាមដល់មន្ត្រីពន្ធនាគារខេត្តសៀមរាប។
លោកវរសេនីយ៍ឯកជឹម សុវណ្ណ បន្ថែមថាពេលនេះជនរងគ្រោះ បានទទួលសំណង ពីក្រុមហ៊ុនម៉ូតូដឹកភ្ញៀវនោះហើយ ព្រោះខាងក្រុមហ៊ុនមានលិខិតអនុញ្ញាតិ ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ចំណែករឿងភ្ញៀវបរទេស ជិះម៉ូតូនោះខាងលោកនៅមិនទាន់ សម្រេចថាយ៉ាងណានោះទេ មិនទាន់មានរបាយការណ៍ លម្អិតពីខាងសមត្ថកិច្ច។
សូមរម្លឹកថាកន្លងទៅលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចេញលិខិតមួយច្បាប់មិនឲ្យជនបរទេស បើកបរក្នុងទឹកដីទេសចរណ៍សៀមរាបអង្គរបានឡើយ តែបទបញ្ជានេះត្រូវបានគេមើលឃើញថា ហាក់គ្មានប្រសិទ្ធិភាពសោះឡើយ ៕ ប៊ុនរិទ្ធី