ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ អ៊ីវតឹក អញ្ជើញ​សម្ពោធ​សមិទ្ធផលនានាក្នុង​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង ៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានាក្នុង​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់ ស្ថិតនៅ​ភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Digital Connectivity for School ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង ប​.​ទ​.​ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT) ផងដែរ​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ០២​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយ​ការចូលរួម​ពី​គណៈប្រតិភូ​ក្រសួង ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ទឹកផុស មន្ត្រីរាជការ ប្រជាព​ឡ​រដ្ឋ លោកគ្រូ អ្នកគ្រូ សិ​ស្សានិ​សស្ស​ចំនួន​ជាង​៤០០០​នាក់​។​

តាម​របាយការណ៍​លោក ឈួ​រ ចាន់​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា សមិទ្ធផល​ទាំង​អស់នៃ​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់​ដែល​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នាពេលនេះ​មាន ៖ អគារសិក្សា​ដ៏​ទំនើប​១​ខ្នង មាន​កម្ពស់​៣​ជាន់ ស្មើនឹង​១៨​បន្ទប់ អគារ​ទីចាត់ការ អគារ​កាត់ដេរ និង​បង្គន់​អនាម័យ​ចំនួន​២​បន្ទប់​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។​
​ក្នុងឱកាស​នោះ លោក ត្រាំ អ៊ីវតឹក បាន​នាំនូវ​បណ្តាំ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់នៃ​ស្រុក​ទឹកផុស​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ​លើកឡើងថា អគារសិក្សា​ថ្មី​នេះ​នឹង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​វិស័យ​អប់រំ ការអភិវឌ្ឍ​ធនធានមនុស្ស ក៏​ដូច​ជួយ​ដោះស្រាយ​ដល់​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុងការ​បញ្ជូន​កូនចៅ​ទៅ​សិក្សា​នៅ​កន្លែង​ផ្សេងទៀត​។ លោក​បន្តថា អគារសិក្សា​នេះ​ក៏មាន​បំពាក់​បន្ថែម​នូវ​សម្ភារៈ​បរិក្ខារ​ទំនើប ដែលជា​ជំនួយ​របស់​ក្រុម​សារ​ជីវ​កម្ម​ទូរគមនាគមន៍​កូរ៉េ (KT) សហការ​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត និង​ឌីជីថល​សម្រាប់​សាលា​ជាមួយ​សហ​គ្រា​រដ្ឋ​ទូរគមនាគមន៍​កម្ពុជា (TC) ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួយ​ដល់​អ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​។​

​លោក ត្រាំ អ៊ីវតឹក បាន​ថ្លែងថា ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​នាំមក​នូវ​សុខសន្តិភាព ឯកភាព​ទឹកដី ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​រក្សាបាន​ទាំងស្រុង​នូវ​អធិបតេយ្យ និង​បូរណភាព​ទឹកដី រួមទាំង​នយោបាយ​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកបដោយ​សមធម៌ និង​តម្លាភាព មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត និង​មាន​ទស្សនវិស័យ​លើ​មូលដ្ឋាន​សច្ចៈ​ខ្ពស់​។​

​ជាមួយគ្នា​នោះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជា​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ នៅលើ​សន្លឹកឆ្នោត ដើម្បី​រក្សា​ការពារ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕ សុខ ខេមរា

 


ចែករំលែក៖