ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាកាលពី រសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្ដី ប្រកាសព័ត៌មានឲ្យសាធារណជនប្រយ័ត្នចំពោះក្រុមហ៊ុនចំនួន៥ដែលកំពុងប្រតិបត្តិការផ្ដល់កម្ចីក្នុងប្រទេសកម្ពុជាដោយមិនមានច្បាប់អនុញ្ញាតពីធនាគារជាតិនៃ កម្ពុជា ។
ការចេញសេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបាន សង្កេតឃើញថា ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយពីការផ្តល់ កម្ចីយ៉ាងសកម្មតាមរយៈបណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទ ជាដើម ។
ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន ឥណទានសុចរិតភ្នំពេញ, ក្រុមហ៊ុនឥណ ទានអន្ដរជាតិ, ក្រុមហ៊ុនឥណទានកម្ពុជា និងក្រុមហ៊ុនឥណទានភ្នំពេញជាដើម ។
ដើម្បីបញ្ចៀសរាល់បញ្ហានានាដែលកើតឡើងបណ្ដាលមកពីការប្រើប្រាស់កម្ចីមិនត្រឹមត្រូវពីក្រុមហ៊ុននានានេះធនាគារជាតិ បានបង្ហាញពីផលវិបាកធំៗដែលកើតមានមកពីការប្រើប្រាស់កម្ចីខុសច្បាប់ដូចជា៖
ទី១-អតិថិជនអាចប្រឈមនឹងបំណុល វ័ណ្ឌកដោយសារអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់ខ្លាំងជាងគ្រឹះស្ថានស្របច្បាប់ និងការគណនាការប្រាក់មិនត្រឹមត្រូវតាមច្បាប់ និងបទបញ្ញត្តិ ។
ទី២-អតិថិជនអាចប្រឈមមុខនឹងការ គំរាមកំហែង គាបសង្កត់ គ្រោះថ្នាក់ ឬរូប ភាពផ្សេងៗដើម្បីបង្ខំឲ្យសងប្រាក់ដើមការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុ ផលទៅក្រុមហ៊ុនវិញ ។
ទី៣-ទ្រព្យធានារបស់អតិថិជនអាចត្រូវ បានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់រឹប អូសដោយពុំឆ្លងការរត់ការសម្រេចពីតុលាការជាដើម ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា សូមសាធារណជនជ្រាបជាព័ត៌មាន និង បង្កើនការប្រុងប្រយ័ត្នពីការប្រើប្រាស់សេវាកម្មកម្ចីខុសច្បាប់ពីក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចី ដែលគ្មានច្បាប់អនុញ្ញាតទាំងនោះ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះធនាគារ ជាតិបាននិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់ ៕ ហេង សូរិយា