ខេត្តតាកែវ ៖ ប្រជាពលរដ្ឋស្រុកអង្គរ បុរីបានសម្ដែងការមិនសប្បាយចិត្តចំពោះទង្វើរបស់លោក គឹម ហាន មេបញ្ជាការរងយោធាសឹកស្រុកអង្គរបុរីដែលបានដឹកនាំកម្លាំងយោធាដើរចាប់ឃាត់ប្រជាពលរដ្ឋដើម្បីទារយកលុយដោយគ្មានហេតុផល។
ប្រជាពលរដ្ឋបានលើកឡើងថា ពេល ពួកគាត់ទៅនេសាទជាលក្ខណៈគ្រួសារក៏ដូចជាដឹកគោឆ្លងកាត់ស្រុកអង្គរបុរី ឬទិញទូកពីប្រទេសវៀតណាមមកប្រើប្រាស់ក្នុងគ្រួសាររួមទាំងការដឹកទំនិញជារបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រូវបានក្រុមលោក គឹម ហាន ជំរិតទារលុយគ្មានលើកលែងឡើយ។
ជុំវិញបញ្ហានេះអ្នកយកព័ត៌មានកាសែត នគរវត្តមិនអាចស្វែងរកការបំភ្លឺពីលោកគឹម ហាន មេបញ្ជាការរងយោធាសឹករងស្រុក អង្គរបុរីបានទេកាលពីរសៀលថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តែយ៉ាងណាក៏ដោយ លោក ប្រាក់ សុភា មេបញ្ជាការស្ដីទីយោធាសឹក រងស្រុកអង្គរបុរីបានឲ្យដឹងថា លោកពិតជាបានទទួលព័ត៌មាននេះពីប្រជាពលរដ្ឋ តែ លោក គឹម ហាន ធ្វើការងារមិនដែលបានឆ្លងលោកទេគឺគេដើរធ្វើអ្វីៗតាមតែអំពើ ចិត្ត ជាពិសេសកងកម្លាំងយោធាគេយកទៅណាហើយធ្វើអ្វីៗគឺលោកមិនដឹងទេ។
លោកបានបន្តថា បើស្នើមកលោកក៏លោកមិនហ៊ានសម្រេចឲ្យដែរគឺលោកនឹងស្នើទៅថ្នាក់លើបន្ដ ព្រោះថា កម្លាំងយោធាគឺការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ មិនមែនដើរបង្កភាពក្ដៅក្រហាយជូនពួកគាត់នោះទេ ។
ចំណែកលោក សេក រស់ មេបញ្ជាការតំបន់សឹករងខេត្តតាកែវបានឲ្យដឹងថា លោកមិនបានដឹងរឿងនេះទេ តែបើលោក គឹម ហាន ធ្វើបែបហ្នឹងគឺខុសច្បាប់និងខុសវិន័យកងកម្លាំងរបស់កងទព័ហើយ។ លោកបានបន្ថែមទៀតថា នឹងបើកការ សើុបអង្កេតរឿងនេះ ។
ជាចុងក្រោយពលរដ្ឋស្នើសុំកិច្ចអន្តរា គមន៍ពីថ្នាក់លើ និងស្ថាប័នពាក់ព័ន្ធមេត្តា ជួយចាត់វិធានការចំពោះទង្វើបុគ្គលម្នាក់នេះផង ៕ ហេង សូរិយា