ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានស្តីពីជនអន្តោប្រវេសន៍

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ របស់ សហគមន៍អឺរ៉ុប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃ ទី២៩ខែមិថុនា ស្ថិតនៅក្នុងភាពជាប់គាំង ដោយមេដឹកនាំអឺរ៉ុប មិនចុះសម្រុងគ្នានៅក្នុងបញ្ហាជនអន្តោប្រវេសន៍ ។ ប៉ុន្តែនៅ នាទីចុង​ក្រោយ ក៏មានកិច្ចព្រមព្រៀងជា មូលដ្ឋានជួយដល់កិច្ចប្រជុំនោះ ទទួល បានជោគជ័យ បញ្ចប់ការប្រេះឆាគ្នាលើ បញ្ហាទាំងនោះ។

ប្រទេសអុីតាលីធ្លាប់គំរាមបន្ទច់បង្អាក់ មិនឲ្យជំនួបកំពូលចេញសេចក្តីថ្លែងការណ៍រួម បើសិនអឺរ៉ុបមិនជួយរកមធ្យោបាយ សម្រាលបន្ទុកជនអន្តោប្រវេសន៍របស់អុីតាលី។ ប៉ុន្តែ នៅថ្ងៃទី២៨ ខែមិថុនា អុីតាលីបានសម្រេចចូលរួមជាមួយអឺរ៉ុបក្នុងកិច្ចព្រមព្រៀងដោះស្រាយបញ្ហាជនអន្តោ ប្រវេសន៍។

បន្ទាប់ពីប្រជុំ អស់ពេញមួយយប់(៩ ម៉ោង) នៅថ្ងៃទី២៨ ខែមិថុនា រហូត ដល់ ម៉ោង ៥ទៀបភ្លឺ ម៉ោងនៅប្រទេសបារាំង ថ្នាក់ដឹកនាំរបស់ប្រទេសទាំង២៨ នៃសមាជិករបស់សហភាពអឺរ៉ុបបានរកឃើញកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីដោះស្រាយ វិបត្តិជនអន្តោប្រវេសន៍។ ប៉ុន្មានសប្តាហ៍ មកហើយ ប្រទេសសមាជិកសហភាពអឺរ៉ុបបានខ្វែងគំនិតគ្នាខ្លាំងណាស់ ក្នុងរឿង ទទួលជនអន្តោប្រវេសន៍ ដែលធ្វើដំណើរ ចូលមកទឹកដីអឺរ៉ុប។

អុីតាលី ដែលធ្លាប់គំរាមរារាំងមិនឲ្យអឺរ៉ុបចេញសេចក្តីថ្លែងការណ៍រួម នៅទីបំផុតបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ រួម នៅក្រោយកិច្ចព្រមព្រៀង ត្រូវបានរក ឃើញ ក្នុងជំនួបកំពូល អឺរ៉ុប នៅថ្ងៃទី២៨ ខែមិថុនានោះ។ កិច្ចព្រមព្រៀង ស្តីពីជន អន្តោប្រវេសន៍ សំខាន់ណាស់ ព្រោះវាជា កត្តាកំណត់អនាគតដ៏ផុយស្រួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ផង និងជួយបិទបញ្ចប់ ការខ្វែងគំនិតគ្នា រវាងប្រទេសសមាជិក អឺរ៉ុប ក្នុងរឿងទទួលជនភៀសខ្លួនផង។

នៅក្រោយការចរចា ៩ម៉ោង នាយករដ្ឋ មន្រ្តីអុីតាលី ដែលដាក់សម្ពាធរហូតមកលើប្រទេសដៃគូអឺរ៉ុប បានប្រកាសប្រាប់អ្នក កាសែតថា អុីតាលីលែងនៅ ឯកោតែម្នាក់ ទៀតហើយ។ កិច្ចព្រមព្រៀង បានឆ្លើយតបនឹងការទាមទារចង់បានរបស់រដ្ឋាភិបាលអុីតាលី ដែលចង់ឲ្យមានយន្តការអឺរ៉ុប ទៅជួយសម្រាលបន្ទុករបស់អុីតាលីក្នុងរឿងទទួលលំហូរជនអន្តោប្រវេសន៍។

អុីតាលីយល់ថា ខ្លួនបានរងគ្រោះដោយ សារតែគេបានអនុវត្តច្បាប់Dublin។ តាម ច្បាប់Dublin ប្រទេសណាដែលបានទទួលជនអន្តោប្រវេសន៍ ជនភៀសខ្លួនមុនគេ គឺជាអ្នកទទួលបន្ទុក ចាត់ចែង រឿងផ្តល់ ក្រដាសស្នាម ឬនីតិផ្តល់សិទ្ធិជ្រកកោន ដល់ជនអន្តោប្រវេសន៍។ អ៊ីតាលី និងក្រិក ដែលប្រឈមខ្លាំងជាងគេនឹងការមកដល់នៃជនអន្តោប្រវេសន៍តាមទូក នៅសមុទ្រ មេឌីទែរ៉ាណេ បានបរិហាររិះគន់ដល់ប្រទេសនៅអឺរ៉ុបផ្សេងទៀតថា អាត្មានិយម មិនព្រមជួយរំលែកទទួលយកជនអន្តោប្រវេសន៍ពីខ្លួន។ អុីតាលី ពេញចិត្តនឹងកិច្ចព្រមព្រៀង នៅថ្ងៃនេះ ពីព្រោះថា កិច្ចព្រមព្រៀងនេះ ដែលមិនបានកំណត់ ចាប់បង្ខំ ឲ្យប្រទេស សមាជិក អឺរ៉ុប ត្រូវតែទទួលជនភៀស ខ្លួននោះ នឹងជួយឲ្យអុីតាលី លែងទទួល បន្ទុកតែម្នាក់ឯង លើរឿងទទួលជនភៀស ខ្លួន ជនអន្តោប្រវេសន៍។ ទៅតាមកិច្ចព្រម ព្រៀង ប្រទេសនៅអឺរ៉ុប អាចទទួល ជន អន្តោប្រវេសន៍ ទៅតាមគោលការណ៍ស្ម័គ្រ ចិត្ត ហើយនិងការសាមគ្គីភាពគ្នារវាងប្រទេសសមាជិកអឺរ៉ុប។

កិច្ចព្រមព្រៀងអឺរ៉ុបលើកនេះ បានជួយ រដ្ឋាភិបាលចម្រុះ របស់លោកស្រីមែរគែល មិនឲ្យប្រេះឆា។ ជាមួយកិច្ចព្រមព្រៀង លោកស្រី អធិការបតីអាល្លឺម៉ង់អាចត្រលប់ទៅក្រុងប៊ែរឡាំង ដើម្បីបញ្ចុះបញ្ចូលកុំឲ្យ រដ្ឋមន្រ្តីមហាផ្ទៃមកពីគណបក្សដៃគូ ដើរ ចេញពីរដ្ឋាភិបាល។ រដ្ឋមន្រ្តីមហាផ្ទៃអាល្លឺ ម៉ង់ បានគំរាមរួចហើយថា នឹងចាប់បញ្ជូនចេញពីប្រទេសអាល្លឺម៉ង់វិញ នូវ ជនអន្តោប្រវេសន៍ទាំងឡាយណាដែលបានចុះឈ្មោះនៅប្រទេសអឺរ៉ុបផ្សេង ប៉ុន្តែ បានធ្វើ ដំណើរមកតាំងទី លំនៅទឹកដីអាល្លឺម៉ង់។

តាមកិច្ចព្រមព្រៀងថ្មី សមាជិកសហភាពអឺរ៉ុបបានយល់ព្រមព្រៀងគ្នា គ្រប់គ្រងឲ្យ តឹងរ៉ឹងជាងមុន មិនឲ្យជនអន្តោប្រវេសន៍ ដែលបានចុះឈ្មោះក្នុងទឹកដីខ្លួន អាចដើរ ចេញ ចូល ស្រេចតែចិត្ត ក្នុងលំហអឺរ៉ុបដូច មុននោះទេ។

កិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបមានចែងពីចំណុចគោលសំខាន់ៗ ចំនួន ១២ ដូចជា ការសហការគ្នាជាធ្លុងមួយ នៅក្នុង រង្វង់ប្រទេសសមាជិកអឺរ៉ុបដើម្បីទទួលជនអន្តោប្រវេសន៍ ការពង្រឹងការត្រួតពិនិត្យ នៅតាមព្រំដែនខាងត្បូង ហើយនិងខាង កើតអឺរ៉ុបវិធានការទប់ស្កាត់ការជួញដូររបស់ពួកមេខ្យល់ ហើយនិងការបង្កើតជំរំទទួលជនអន្តោប្រវេសន៍ មិនថា ក្នុងទឹកដីអឺរ៉ុប ឬនៅប្រទេសដើមរបស់ជនអន្តោប្រវេសន៍នោះទេ។

-ទៅតាមកិច្ចព្រមព្រៀង សហភាពអឺរ៉ុបត្រូវពង្រឹងការត្រួតពិនិត្យ នៅតាមព្រំដែន អឺរ៉ុប ហើយការត្រួតពិនិត្យនេះត្រូវធ្វើរួមគ្នាដោយប្រទេសនៅអឺរ៉ុបទាំងមូល គឺមិនមែនជាបន្ទុកតែម្នាក់ឯងរបស់ប្រទេសដែលនៅជាប់ព្រំដែនអឺរ៉ុបនោះឡើយ។

-សហភាពអឺរ៉ុបនឹងបង្កើនថវិកាបន្ថែមទៀត សម្រាប់យន្តការល្បាត និងប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សរបស់ពួកមេខ្យល់ នៅសមុទ្រមេឌីទែរ៉ាណេ ហើយនិងនៅក្នុង ទឹកដីលីប៊ី ដែលកំពុងក្លាយជាកន្លែង ឆ្លងកាត់ និងរត់ពន្ធមនុស្សខុសច្បាប់ របស់បណ្តាញឧក្រិដ្ឋជន។

-ក្នុងរឿងចែករំលែក ទទួលជនអន្តោ ប្រវេសន៍ គេបានតម្រូវឲ្យបង្កើតជំរំទទួល ជនភៀសខ្លួន នៅក្នុងបណ្តាប្រទេសអឺរ៉ុប ទៅតាមការស្ម័គ្រចិត្ត គឺមិនមែនប្រមូលផ្តុំ តែនៅអ៊ីតាលី ឬក្រិកដូចមុនទៀតនោះទេ។ នៅក្នុងជំរំទទួលជនអន្តោប្រវេសន៍ ទៀត សោត គេត្រូវកំណត់ឲ្យបានឆាប់រវាង អ្នក ដែលភៀសខ្លួន ដែលអាចសុំសិទ្ធិជ្រក កោន ហើយនឹងជនអន្តោប្រវេសន៍ខុស ច្បាប់។ សម្រាប់អ្នកដែលធ្វើដំណើរខុស ច្បាប់ មិនមែនជាជនភៀសខ្លួន គេត្រូវ ប្រញាប់ចាប់បញ្ជូនទៅប្រទេសកំណើតវិញ។ ក្នុងរឿងបង្កើតមណ្ឌលទទួលជន អន្តោប្រវេសន៍ សហភាពអឺរ៉ុប ដែលទទួល បានគំនិតពី ឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន គ្រោង ចង់បង្កើតឲ្យមានជំរំទទួលជនអន្តោប្រវេសន៍នៅក្រៅទឹកដីអឺរ៉ុប ដូចជានៅបណ្តាប្រទេស អាហ្វ្រិក ខាងជើង ដែលជាប្រទេសដើម ឬប្រទេសឆ្លងកាត់ របស់ជនអន្តោ ប្រវេសន៍។ សហភាពអឺរ៉ុបគ្រោងផងដែរ នឹងបង្កើនការចរចាជាមួយ បណ្តាប្រទេសនៅអាហ្វ្រិកដើម្បីឲ្យទទួលយកជនអន្តោប្រវេសន៍ ដែលអឺរ៉ុបចាប់បញ្ជូនចេញទៅ វិញ។

-សហភាពអឺរ៉ុបប្រកាសផងដែរ ចង់ បង្កើនថវិកាជំនួយ ដល់ទួរគី ដែលបាន ផ្តល់ដីសម្រាប់ជំរំទទួលជនអន្តោប្រវេសន៍ ជនភៀសខ្លួន ដែលគេចចេញពីសង្រ្គាម នៅស៊ីរី ឬនៅអាហ្វហ្គានីស្ថានជាដើម។ សម្រាប់អឺរ៉ុប ការសហការជាមួយទួរគីបានជួយទប់ស្កាត់ ធ្វើឲ្យចំនួនជនអន្តោ ប្រវេសន៍ ហូរចូលមកអឺរ៉ុបធ្លាក់ចុះ ច្រើន ណាស់ បើប្រៀបនឹងឆ្នាំ ២០១៥៕ ម៉ែវ សាធី


ចែករំលែក៖