ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ និងកន្លែង ក្រោយពីជិះម៉ូតូមកពីទិញនំបញ្ចុក បំណងទៅផ្ទះវិញ ក៏ត្រូវបានរថយន្តHiyaday បើកបុកម៉ូតូគាត់ពីក្រោយពេញទំហឹង កាលវេលាម៉ោង៥នឹង១៥នាទីល្ងាច ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែង និងផ្លូវលំបត់ចូលភូមិ ស្ថិតក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តHiyaday មួយគ្រឿងពណ៌សរ គ្មានពាក់ស្លាកលេខ បានបើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើបើកវ៉ារថយន្តកុងតៃន័រមួយគ្រឿងនៅខាងមុខ បណ្ដាលឲ្យជ្រុលទៅបុកនឹងម៉ូតូម៉ាកហុងដាឌ្រីម សង់ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1Q.7420 ខណៈដែលម៉ូតូរងគ្រោះរៀបបត់ស្ដាំក្នុងគោលបំណងចូលទៅផ្ទះ ក៏ត្រូវបានរថយន្តខាងលើបើកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអូសទាំងម៉ូតូ រួមទាំងម្ចាស់ម៉ូតូ និងកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលឃើញ និងនៅក្បែរកន្លែងហេតុការណ៍ខាងលើ បានដេញចាប់តៃកុងរថយន្ត និងព្រូ ប្រគល់ឲ្យសម្ថតកិច្ចមូលដ្ឋាន ដោយទី១ ឈ្មោះ វ៉ន ប៊ុនរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងផ្សាដែកនឹងបើករថយន្តខាងលើ ដែរមានស្រុកកំណើតនៅភូមិស្រែញរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២ ឈ្មោះ រឿន វ៉ៃភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងផ្សាដែក នឹងមានស្រុកកំណើតនៅភូមិ គោភ្នៅ ឃុំវិរស ស្រុកសំរ៉ោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះដែលបានស្លាប់មានឈ្មោះ សែម ផុន ភេទប្រុស អាយុ ៧៥ឆ្នាំ មានទីលំនៅក្នុងភូមិ រកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះទៅធ្វើការវាស់វែងរួចរាល់ និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ដោយឡែករថយន្តបង្ក រួមទាំងតៃកុង និងព្រូ និងមូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ