ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១០ខ្នងនៅក្រោយរោងចក្រអគ្គិសនីទី២ ខ្ទេចអស់ទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះមហន្តរាយដ៏ធំមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១០ខ្នងទាំងកណ្ដាលអធ្រាត្រ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គិភ័យជួយអន្តរាគមន៍យ៉ាងញាប់ដៃជើង កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំចាប់ពី ៥ម*៦ម និង៥ម*៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់សង្សី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង ។ ហើយការអន្តរាគមន៍ក្នុងករណីនេះដែររថយន្ដពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩ឡានទើបគ្រប់ស្ថានការបានទាំងស្រុង ដោយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។ ចំណែកចំពោះមូលហេតុនៃបង្កឲ្យមានអគ្គិភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ប្រជាពរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលឺសំលេងផ្ទុះយ៉ាងខ្លាំងលុះពេលចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏នាំគ្នាជួយបាញ់ទឹកពន្លត់តែដោយភ្លើងឆេះខ្លាំងពេកទើបរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យរថយន្ដពន្លត់អគ្គិភ័យជួយចេញអន្តរាគមន៍ប្រើរយៈពេលជិតមួយម៉ោងទើបអគ្គិភ័យរលត់សូនសុងទៅវិញ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖