ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋរស់នៅ ឃុំម្លូព្រៃ២ ស្រុកឆែប ខេត្តព្រះវិហារ បាន ឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់ មានទីតាំងស្តុកឈើមួយកន្លែងរបស់ឈ្មួញឈ្មោះ សាន ដែលជាឈ្មួញរស់នៅក្នុង ខេត្តកំពង់ធំ ហើយឈ្មួញម្នាក់នេះកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកឆែប ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាង រលូន។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក សេង លៀង នាយផ្នែក រដ្ឋបាលព្រៃឈើឆែប គឺជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញឈ្មោះ សាន ប្រមូលទិញ ឈើ ស្តុកឈើនិងដឹកជញ្ជូនឈើចេញពីស្រុកឆែប ខេត្តព្រះវិហារ ចូលទៅខេត្ត កំពង់ធំ យ៉ាងពេញបន្ទុកតែម្តង។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សេង លៀង នាយផ្នែករដ្ឋបាល ព្រៃឈើឆែបទេនោះគឺឈ្មួញឈ្មោះ សាន មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។
មន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងឃុំម្លូព្រៃ២ ស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថាលោក សេង លៀង និងមន្ត្រី បរិស្ថានក្នុងស្រុកឆែប គឺជាអ្នកឃុបឃិតឲ្យ ឈ្មួញឈ្មោះ សាន ប្រមូលទិញឈើស្តុកឈើនិងដឹកជញ្ជូនឈើចេញពីភូមិពោធិ៍ទៀប ឃុំម្លូព្រៃ២ ស្រុកឆែប ដើម្បីជាថ្នូរ នឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹង ទៀតថា ឈើទាំងនោះត្រូវបានគេដឹក ចេញពីតំបន់អភិរក្សព្រៃព្រះរកា ស្ថិតនៅ ស្រុកឆែប ខេត្តព្រះវិហារ ហើយមានការ ឃុបឃិតជាប្រព័ន្ធទើបឈ្មួញឈ្មោះ សាន អាចគេចផុតពីការបង្ក្រាប។ ដូច្នេះហើយ ទើបឈ្មួញឈ្មោះ សាន ដែលរស់នៅឯខេត្ត កំពង់ធំ បែរជាអាចធ្វើសកម្មភាពប្រមូល ទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកឆែប ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃ។
ប្រភពខ្លះបានឲ្យដឹងថាលោក សេង លៀង និងមន្ត្រីបរិស្ថានក្នុងស្រុកឆែប ខេត្តព្រះវិហារ បានចាត់ទុកឈ្មួញឈ្មោះ សាន គឺជាប្រភពចំណូលដ៏សំខាន់របស់ ពួកគេ ហេតុនេះហើយទើបពួកគេរក្សា ភាពស្ងៀមស្ងាត់បណ្ដោយឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ សូម្បីតែនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ប៊ុន សុធី នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏រក្សាភាព ស្ងៀមស្ងាត់ដែរក្នុងខណៈដែលឈ្មួញឈ្មោះ សាន ដឹកជញ្ជូនឈើពីស្រុកឆែប ខេត្តព្រះវិហារ មកចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង។ ក្នុងមួយយប់ៗយ៉ាងហោចណាស់ឈ្មួញឈ្មោះ សាន ដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងពី៨ទៅ១០គ្រឿងចេញពីខេត្តព្រះវិហារ ចូល មកខេត្តកំពង់ធំ ដោយមានការជួយសម្រប សម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចនៅតាមដងផ្លូវផងដែរ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ព្រៃព្រះរកា ស្រុកឆែប ខេត្តព្រះវិហារ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះឈ្មួញឈ្មោះ សាន នៅតែអាចដឹកជញ្ជូនឈើចេញពីស្រុក ឆែប ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ យ៉ាងសុខស្រួលហើយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ សម្ងំទទួលផលប្រយោជន៍យ៉ាងក្រអឺត ក្រទម ៕ហេង នរិន្ទ្រ