ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីក្លឹបជិះម៉ូតូបុកឃឿនពុះចែកទ្រូងផ្លូវស្លាប់គូស្នេហ៍មួយគូ

ចែករំលែក៖

ភ្នំពេញ៖ យុវជនគូស្នេហ៍មួយគូបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពួកគេជិះម៉ូតូឌុបគ្នាមកពីរាំលេងក្នុងក្លឹបវិញបំណងទៅផ្ទះដោយជិះក្នុងល្បឿនលឿន ជ្រុលបុកឃឿនពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅចុះណុចមុខកងរាជអាវុធហត្ថរាជធានី តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ជនរងគ្រោះទី១ ឈ្មោះ ហាន់ ណា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ហាន់ ហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកចាក់សាំងនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកោះកុង ។ ជិះម៉ូតូម៉ាក Last ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FO 7731 ។

តាមសាក្សីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មានគ្នា៤នាក់(ស្រី២នាក់) ជិះម៉ូតូ២គ្រឿងបាននាំគ្នាទៅរាំលេងក្នុងក្លឹបរីវឡាញ ខណៈរាំលេងចប់ ក៏ជិះម៉ូតូឌុបគ្នាបំណងទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េតហើយបានបត់មកផ្លូវវេងស្រេងដោយក្នុងល្បឿនលឿនដោយសារផ្លូវមានស្ថានភាពកោងហើយមិនបន្ថយល្បឿនទើបជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំបងប្អូនមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅក្សាទុករង់ចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖