ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករដឹកផ្លែឈើពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំផ្ទុះការតវ៉ាខណៈមន្ត្រីគយដំឡើងថ្លៃដឹកជញ្ជូនទ្វេដង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ក្រុមអាជីវករនាំផ្លែឈើពី ប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំ ខេត្ត ប៉ៃលិនយ៉ាងតិច៥០នាក់ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានផ្ទុះការតវ៉ាក្រោយពេល ប្រធានសាខាគយនៅច្រកមួយនេះបាន ដំឡើងពន្ធដឹកជញ្ជូនទ្វេដងពីពួកគាត់ ។

អាជីវករម្នាក់ក្នុងចំណោមអ្នកតវ៉ាហើយ សុំមិនឲ្យបញ្ចេញឈ្មោះបានលើកឡើងថា ពួកគេនាំគ្នាមកតវ៉ានៅពីមុខសាខាគយ ខេត្តប៉ៃលិននេះ ដើម្បីស្នើសុំឲ្យប្រធាន សាខាគយដែលមាន លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិនបញ្ចុះតម្លៃ ពោលគឺឲ្យយកដូចកាលពីឆ្នាំកន្លងទៅ ដែលមានតម្លៃដឹកជញ្ជូនរថយន្តសាំយ៉ុង ត្រឹមតែ២០ម៉ឺនរៀល និងរថយន្តធុនធំត្រឹម តែជាង១លានរៀលនោះ។

ការតវ៉ារបស់បងប្អូនអាជីវករបានផ្អាក ជាបណ្តោះអាសន្នក្រោយមានការសម្រប សម្រួលពីលោកអភិបាលខេត្តប៉ៃលិននោះ។ ទោះជាយ៉ាងនេះក្តីក្រុមអាជីវករបានព្រមាន តវ៉ាជាថ្មីទៀត ប្រសិនបើគយនៅតែយក តម្លៃថ្លៃពីពួកគេដដែល ខណៈតាមច្រក ផ្សេងៗគេមិនបានដំឡើងដូចច្រកប៉ៃលិន នេះ។ បើតាមការអះអាងរបស់អាជីវករ រូបនេះ បានបន្តទៀតថា តម្លៃគយដែលបាន ដំឡើងពីពួកគេនេះស្ទើរតែជិតពាក់កណ្តាល គឺបានយកលុយដាក់ក្នុងហោប៉ៅខ្លួនឯង។

សូមបញ្ជាក់ថា ឆ្នាំមុនតម្លៃត្រឹម២០ម៉ឺន រៀលដំឡើងទៅ៥០ម៉ឺនរៀល និងរថយន្ត ធំតម្លៃជាងមួយលានរៀលដំឡើងទៅដល់ ជិត៥លានរៀលជាដើមនោះ។

មតិមហាជនបានលើកឡើងថា ក្រោយ ពីលោកសំ សុវណ្ណាវិទ្ធ ទទួលបានតំណែង ជាមេគយខេត្តប៉ៃលិនភ្លាម គឺលោកចាប់ ផ្តើមប្រមូលលុយស្រង់ដើមភ្លែតតែម្តង ដោយមិនឲ្យខាតពេលឡើយ។ ជាក់ស្តែង លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិ ព្រំកំពុងបើកដៃឲ្យឈ្មួញនាំចូលទំនិញគេច ពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញ បន្ទុក ដោយសារមានការបើកដៃពីលោក សំ សុវណ្ណារិទ្ធ ហើយមានការបែងចែក ផលប្រយោជន៍យ៉ាងសុខស្រួលតែម្តង។

ទាក់ទងនឹងការលើកឡើងរបស់បងប្អូន អាជីវករនេះកាសែតនគរវត្តមិនទាន់អាច សុំការទំនាក់ទំនងពីលោក សំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារព្រំ ដើម្បីសុំបកស្រាយ ពន្យល់បានឡើយជុំវិញរឿងរ៉ាវនេះ ៕ ហេង នរិន្ទ្រ


ចែករំលែក៖