ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃ ចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ក្រុមកម្មករនិងជាងសំណង់ ប្រមាណ៧០នាក់បានប្រមូលផ្តុំគ្នានៅ កន្លែងធ្វើការស្ថិតនៅខាងក្រោយកាស៊ីណូថាយថិនក្នុងភូមិបាវិតកណ្កាល សង្កាត់ បាវិត ក្រុងបាវិតដើម្បីអំពាវនាវនិងរកការ ជួយអន្តរាគមន៍ពីអាជ្ញាធរ ជាពិសេសសុំឲ្យ សម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ខណៈដែលមេការសំណង់របស់ពួកគេគេច ខ្លួនបាត់មិនបើកប្រាក់ឲ្យរយៈពេលជាង៤ខែស្មើនឹងទឹកប្រាក់៣១.៩៣៩ដុល្លារ ឯណោះ ។
ក្រុមកម្មករធ្វើកូដកម្មបានឲ្យដឹងថា ការមកជួបជុំគ្នាធ្វើកូដកម្មនាពេលនេះគឺដើម្បីទាមទារឲ្យមេការសំណង់ជាជនជាតិវៀតណាមឈ្មោះ ហេង តាយ និងឈ្មោះ និត បើកប្រាក់កម្លាំងពលកម្មឲ្យពួកគេទាំង អស់គ្នា ។
ក្រុមកម្មករបានបន្តថា កម្មករនិងជាងសំណង់បានមកធ្វើសំណង់ក្នុងការដ្ឋាន របស់ក្រុមហ៊ុនចិននៅភូមិបាវិតកណ្តាលនេះតាំងពីខែមីនា ឆ្នាំ២០១៨ រហូតដល់ ចុងខែមិថុនា ឆ្នាំ២០១៨ ដោយខែដំបូង បើកប្រាក់ឲ្យខ្លះតែចាប់តាំងពីចូលឆ្នាំខ្មែរ រហូតមកដល់ពេលនេះមិនទាន់បើកប្រាក់ពលកម្មឲ្យទេដោយមេការសំណង់រក លេសដោះសារហូតថា ថ្ងៃនេះថ្ងៃនោះ ហើយគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រុមកម្មករសំណង់បានបញ្ជាក់ថា អគារ ដែលពួកគេធ្វើនេះជាប្រភេទអគារបុគ្គលិក មាន៧អគារស្មើនឹង១៥០បន្ទប់ជារបស់ ក្រុមហ៊ុនចិនហើយឈ្មោះ ហេង តាយ ដែលជាមេការសំណង់នេះជាអ្នកម៉ៅការបន្តពីថៅកែចិនតែភាគីខាងចិនគេថា បើកប្រាក់ ឲ្យអស់ហើយមិនដែលមានការខកខាន នោះទេ ។
ពាក់ព័ន្ធករណីនេះអាជ្ញាធរក្រុងបាវិតបានចុះមកសួរនាំដែរ ហើយបានឲ្យក្រុមកម្មករសំណង់ដាក់ពាក្យប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចដើម្បីឲ្យគេរកវិធីដោះស្រាយនិងតាមរកមុខមេការសំណង់ដែលមិនបើក ប្រាក់ឲ្យកម្មករនេះមកដោះស្រាយនិងចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា កម្មករសំណង់ទាំង៧០ នាក់នេះអ្នកខ្លះរស់នៅខេត្តស្វាយរៀងនិងអ្នកខ្លះទៀតនៅខេត្តកំពង់ចាម បាត់ដំបង ឥឡូវកំពុងជួបការលំបាកអត់មានលុយធ្វើដំណើរទៅស្រុកកំណើត និងគ្មានលុយ ទិញអាហារហូបចុកជាដើម ។
ពាក់ព័ន្ធនឹងករណីនេះតំណាងក្រុមហ៊ុនដែលចុះមកសម្របសម្រួលជាមួយអាជ្ញាធរ បានអះអាងថានឹងទទួលយកកម្មករដែល មេការរត់ចោលឲ្យមកធ្វើការបន្តតែត្រូវចុះកិច្ចសន្យាឲ្យត្រឹមត្រូវដើម្បីជៀសវាងការចាញ់បោកគេទៀត ៕ ហេង សូរិយា