ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិបំពេញទស្សនកិច្ចទៅកាន់បង់ក្លាដែស

ចែករំលែក៖

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចាប់ផ្តើមបំពេញទស្សនកិច្ច ទៅកាន់ ប្រទេសបង់ក្លាដែស ពិសេសគឺជំរំជន ភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនចេញ ពីមីយ៉ាន់ម៉ា ចូលទៅស្នាក់នៅប្រទេស បង់ក្លាដែស។ លោក Antonio Guterres ទៅកាន់ជំរំជនភៀសខ្លួន Kutupalong នៅ តំបន់ Cox’s Bazar ប្រទេសបង់ក្លាដែស ថ្ងៃទី២កក្កដា២០១៨។

អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានវាយតម្លៃថា ”អំពើដ៏ សាហាវយង់ឃ្នងនានាដែលលោកបានស្តាប់ឮពីការរៀបរាប់របស់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ានោះ គឺជារឿងមួយដែលគេពុំនឹកស្មានដល់ឡើយ។

នៅតំបន់ Cox’s Bazar ភាគខាងត្បូង ប្រទេសបង់ក្លាដែស ក្នុងជំរំជនភៀសខ្លួន រ៉ូហ៊ីងយ៉ា លោក Antonio Guterres អគ្គ លេខាធិការ អ.ស.ប. បានស្តាប់ឮការរៀបរាប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលទើបបានរត់ភៀសខ្លួនពីមីយ៉ាន់ម៉ា នាពេល ថ្មីៗនេះ ។ ជាការរៀបរាប់ អំពី ការកាប់សម្លាប់និងការរំលោភបំពានផ្លូវភេទលើប្រជាជនរ៉ូហ៊ីងយ៉ា ដែលលោក Guterres បាន វាយតម្លៃថា “ជារឿងមួយដែលគេពុំអាច នឹកស្មានដល់”។

នៅលើគណនី Twitter អគ្គលេខា ធិការអ.ស.ប. បានថ្លែងបញ្ជាក់ថា ជន ភៀសខ្លួនរ៉ូហ៊ីងយ៉ា ទាមទាររកយុត្តិធម៌និងការវិលត្រឡប់ទៅកាន់ភូមិឋានរបស់ពួកគេវិញ នៅក្នុង លក្ខខណ្ឌសុវត្ថិភាព”។

អមដំណើរដោយប្រធានធនាគារពិភព លោក Jim yong Kim លោក Guterres ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកនៅតំបន់ Coxs Bazar នេះ ថាជាបេសក កម្មមួយ ដើម្បីសាមគ្គីភាពជាមួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិងសហគមន៍នានាដទៃ ផ្សេងទៀតដែលបានជួយគាំទ្រដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។

តាមរយៈប្រព័ន្ធសង្គមដដែល លោក Guterres នាពេលអញ្ជើញទៅដល់តំបន់ Coxs Bazar ដែលនៅជាប់ព្រំដែនមីយ៉ាន់ ម៉ា បានថ្លែងបញ្ជាក់ទៀតថា”ចិត្តមេត្តាធម៌និងសប្បុរសធម៌របស់ពលរដ្ឋបង់ក្លាដែស បានបង្ហាញយ៉ាងច្បាស់ពីភាពល្អប្រសើរ របស់មនុស្សជាតិនិង បានជួយសង្គ្រោះជីវិតមនុស្សជាច្រើនពាន់នាក់ទៀតផង”៕ ម៉ែវ សាធី


ចែករំលែក៖