ខេត្តកំពង់ធំ៖ យុទ្ធជន២នាក់ដួលបោកក្បាល និងបាក់ក ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូមិនប្រយ័ត្នបណ្តាលឲ្យបុកគូថ រថយន្តកូរ៉េ ដឹកអេតចាយ ខូចចតចោលនៅលើចិញ្ចើមថ្នល់នៅលើកំណាត់ផ្លូវជាតិលេខ៦ ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២១ និង២៥នាទី ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងស្វាយ ឃុំបាល័ង្ល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ទី១ឈ្មោះ អុល ឡី ភេទប្រុស អាយុ ១៨ឆ្នាំ ឳពុកឈ្មោះ លី ម្តាយឈ្មោះ ឡុច ុទី២ ឈ្មោះ ហៀង សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ ឳពុកឈ្មោះ ហ៊ីម ម្តាយឈ្មោះ រ៉ាត់ អ្នកទាំង២រស់នៅ ភូមិ វាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាកម្មករធ្វើសិប្បកម្ម គ្រែ តុ ទូ នៅភូមិទួលដំណាក់ ។
យោងតាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បាននាំគ្នាទៅផឹកកាហ្វេ នៅផ្សារកំពង់ថ្ម រួចបានជិះម៉ូតូម៉ាក់សង់ សេរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ AH- 9034 យ៉ាងលឿន ត្រឡប់មកកន្លែងធ្វើការវិញដោយពុំបានពាក់មួកសុវត្តិភាព រពេចនោះក៏បានបុកគូថរថយន្តដែលខូចចតចោលនៅចិញ្ចើមផ្លូវខាងស្តាំ ម៉ាកកូរ៉េ EZUZU ពណ៌ក្រហម ខៀវ ពាក់ស្លាកលេខ ចាស់ ហ 0378ភព2 បណ្តាលឲ្យបោកក្បាល បាក់ក ស្លាប់កណ្តាលថ្នល់ រីឯម្ចាស់រថយន្ត ក្រោយពីហេតុឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ទើបពុំអត្តសញ្ញាណ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសព ទៅឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និង ម៉ូតូ ដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ច អូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំឲ្យភាគីទាំងសងខាង ចូលមកដោះស្រាតាមច្បាប់ ៕ ប៊ុរិទ្ធី