ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ដេកស្លាប់ដោយសារជំងឺនៅស្រុកវ៉ារិន

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៥ និង ៣០ នាទី មានករណីមនុស្សដេកស្លាប់ កើតឡើងនៅចំណុចអូរព្រានគង់ ស្ថិតក្នុងភូមិអូរំចេក ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះឈ្មោះ ឡៃ ជឿយ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ យោធា អង្គភាពវរៈស៊ើបការណ៍ កងពលធំអន្តរាគមណ៍លេខ២ ប្រចាំការនៅស្នាក់ការកើតហេតុខាងលើ ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព និងពិនិត្យកន្លែងកើតហេតុ ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ។

តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ ឈ្មោះ ញ៉ាត ភាព ភេទប្រុស ជាយោធាប្រចាំការជាមួយគ្នា បានរៀបរាប់ថា កន្លងមកជនរងគ្រោះឈ្មោះ ឡៃ ជឿយ តែងមានអាការៈចុករោយករ និងចុកពោះរាគរុះ ជាញឹកញាប់ ហើយនៅល្ងាចថ្ងៃទី ០៣/០៧/២០១៨ ជនរងគ្រោះបានផឹកខារ៉ាប៉ាវ ចំនួន២កំប៉ុង នៅវេលាម៉ោងប្រហែល១០យប់ ឈ្មោះឡៃ ជឿយ ចូលដេកក្នុងបន្ទប់ជាធម្មតា រហូតដល់ព្រឹកទី០៤/០៧/២០១៨ វេលាម៉ោង៥នឹង៣០នាទី ដោយឈ្មោះ ឡៃ ជឿយ មិនឃើញក្រោកពីដេក ស្រែកដាស់មិនភ្ញាក់ក៏ច្រានទ្វារចូលឃើញ ឈ្មោះ ឡៃ ជឿយ ដែលជាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

តាមការសន្និដ្ឋាន របស់គ្រូពេទ្យយោធាកងពលធំលេខ 2 បានបញ្ជាក់ថា÷ ជនរងគ្រោះស្លាប់ដោយសារជំងឺក្រពះ និងជំងឺលើសឈាម ។ ក្រោយពីពិនិត្យរួចសពជនរងគ្រោះបានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី


ចែករំលែក៖