ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរស២នាក់ ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូរងអិលដួលចូលក្រោមរថយន្តដែលកំពុងបើកបររួចមក ។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមមប្រពៃណីរីឯវត្ថុតាងត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំស្រាវជ្រាវរកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយគ្នាដោយសន្តិវិធី ។
គ្រោះថ្នាក់ចរាចរនេះកើតឡើង នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង ២០ នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះKm 52~53 ត្រង់ចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
យោងតាមការឲ្យដឹងពីនគរបាលដែលចុះធ្វើកំណត់ហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ០១ គ្រឿង ម៉ាកEXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ប៊ុន សុខុម អាយុ22ឆ្នាំ ឌុបមនុស្ស០១មានឈ្មោះ អ៊ុន សីហា ភេទប្រុស អាយុ២៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសំរិត ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកចេញពីរោងចក្រដែលនៅខាងត្បូងផ្លូវជាតិ រួចឡើងទៅជាតិ ទិសដៅពីត្បូងទៅជើង ពេលបានឃើញរថយន្ដបើកមកពីទិសខាងលិចអែមមកខាងស្ដាំដៃ ម៉ូតូនោះក៏បានជាន់ហ្វ្រាំងរួចក៏ដួលចូលរថយន្ដនោះម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ3A-1772 មានសណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ4A-1262 មិនស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរឈ្មោះ បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖ស្លាប់ ២នាក់ នៅកន្លែងកើតហេតុ (ខាងម៉ូតូ) ខូចម៉ូតូ១គ្រឿង និងរថយន្ដពុំខូចខាតទេ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដបានចុះរត់គេចខ្លួនបាត់ ។
ចំពោះវត្ថុតាងទាំពីររក្សានៅការិយាល័យនគរបាលចរាចរណ៍ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ