សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋា ភិបាលទីក្រុងប៉េកាំងបានចាប់ផ្តើមអនុវត្តច្បាប់ដំឡើងពន្ធនាំចូលពីអាមេរិកដែល មានតម្លៃរហូតដល់ទៅ៣៤ពាន់លានដុល្លារ អាមេរិក ច្បាប់ដំឡើងពន្ធនោះចាប់ផ្តើមនៅថ្ងៃទី៦ ខែកក្កដា នេះ។
មន្ត្រីជាន់ខ្ពស់ចិនដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា «វិធីសាស្ត្ររបស់ យើងគឺធ្វើឲ្យមានតម្លាភាព ហើយបើអាមេ រិកចាប់ផ្តើមដំឡើងពន្ធនៅថ្ងៃទី៦ ខែកក្កដា យើងក៏ចាប់ផ្តើមនៅថ្ងៃនេះដែរ» ។ មន្ត្រី ខាងលើបានបញ្ជាក់ទៀតថា ការអនុវត្តទៅលើគោលនយោបាយខាងលើនឹងចាប់ផ្តើមនៅពាក់កណ្តាលយប់។
ការសម្រេចដំឡើងពន្ធទៅលើអាមេរិក កើតឡើងចំពេលដែលអាមេរិកបានប្តេជ្ញា អនុវត្តការដំឡើងពន្ធនាំចូលទំនិញពីចិនមានតម្លៃ៣៤ពាន់លានដុល្លារ ចាបផ្តើម នៅថ្ងៃទី៦ ខែកក្កដា។ នៅពេលនេះដែរ ចិនក៏បានប្រកាសតបតវិញភ្លាម ទៅលើ ផលិតផលអាមេរិកដែលមានតម្លៃស្មើគ្នា។ ចិនបានអនុម័តដំឡើងពន្ធនាំចូលពីអាមេរិក មុនដោយសារតែគម្លាតពេលវេលា អាមេរិក-ចិន ខុសគ្នា១២ម៉ោង។
នៅថ្ងៃទី១៥ ខែមិថុនា កន្លងមក រដ្ឋា ភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសអនុវត្តដំឡើងពន្ធនាំចូល២៥ភាគរយ ទៅលើ មុខទំនិញ៨១៨មុខរបស់ចិនដែលមាន តម្លៃ៣៤ពាន់លានដុល្លារ ចាប់ផ្តើមនៅ ថ្ងៃទី៦ ខែកក្កដានេះ។ ឆ្លើយតបទៅនឹង សកម្មភាពខាងលើ ចិនក៏បានសម្រេច ដំឡើងពន្ធលើវិស័យកសិកម្ម និងរថយន្តអាមេរិកផងដែរដែលមានតម្លៃស្មើគ្នា។
ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ស្ថិតនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ជាទ្រង់ ទ្រាយធំ ក្រោយពេលដែលអាមេរិកចោទប្រកាន់ចិនថាមានសកម្មភាពពាណិជ្ជកម្មគ្មានតម្លាភាព ធ្វើឲ្យអាមេរិកខាតបង់ជា ច្រើន។
ជាមួយគ្នានេះចិនក៏បានព្រមានពីគោលនយោបាយអាត្មានិយមរបស់អាមេរិក។ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានថ្លែងចំពោះមុខអគ្គនាយកក្រុមហ៊ុនអន្តរ ជាតិធំៗ នៅឯទីក្រុងប៉េកាំង ដោយបាន ក្រើនរំលឹកអំពីផលអាក្រក់ នៃទ្រឹស្តីសេដ្ឋ កិច្ចបែបអាត្មានិយម បិទទ្វារជិតការពារ ប្រយោជន៍តែម្នាក់ឯង។ សម្តីរបស់លោក ប្រធានាធិបតីចិននេះ បើទោះបីជាមិនបាន បញ្ចេញឈ្មោះឲ្យចំ ក៏អ្នកស្តាប់អាចកាត់ យល់បានថាលោក ស៊ី ជីនពីង ចង់សំដៅ ទៅលើលោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិក ខណៈដែលអាមេរិក និងចិនកំពុងតែសង្កៀតធ្មេញដាក់គ្នាក្នុងវិស័យដោះដូរពាណិជ្ជកម្ម។
ថ្វីបើសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០១៧ មានលំនឹងល្អតែយើងគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារក្នុងអំឡុងពេលនេះទ្រឹស្តីគំនិតសេដ្ឋកិច្ចបិទទ្វារ បែបអាត្មានិយមរបស់អ្នកដឹកនាំមួយចំនួន អាចនឹងមកបង្កការលំបាកដល់សេដ្ឋកិច្ចពិភពលោក។ នេះគឺជាប្រសាសន៍របស់ លោក ស៊ី ជីនពីង ថ្លែងក្នុងពិធីជួបជុំជាមួយអគ្គនាយក និងតំណាងក្រុមហ៊ុនអន្តរជាតិធំៗ។ បើផ្អែកតាមរូបភាពផ្សាយដោយបណ្តាញព័ត៌មានចិន ក្នុងចំណោមតំណាងក្រុមហ៊ុនធំៗដែលចូលរួម មានដូចជាអគ្គនាយក ក្រុមហ៊ុនរ៉ែដ៏ធំ ឈ្មោះ BHP Billiton តំណាងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen និងតំណាងសាជីវកម្ម អង់គ្លេស Swire ជាដើម។
លោក ស៊ី ជីនពីង បានលើកឡើងថា សន្តិភាពព្រមទាំងការរីកចម្រើនសេដ្ឋកិច្ចនៃពិភពលោកយើង កំពុងប្រឈមមុខនឹង ឧបសគ្គគួរឲ្យព្រួយបារម្ភ។ ឧបសគ្គ ទាំងនោះ គឺជាគំនិតយល់ឃើញបែបអាត្មា និយម គំនិតចាស់គំរឹល ដូចក្នុងសម័យ សង្រ្គាមត្រជាក់។ វាជាការយល់ច្រឡំធំ ណាស់ដែលគិតថា ឲ្យតែអ្នកដែលនាំចូល ច្រើន ហើយនាំចេញតិច គឺជាអ្នកខាត បង់៕ ម៉ែវ សាធី