ព័ត៌មានទាន់ហេតុការណ៍៖

ទូដែកនៅក្នុងរោងចក្រកាត់ដេរហាម៉ុនហ្គេនត្រូវចោរឆ្កឹះសោលួចយកប្រាក់ប្រមាណ១២.០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ករណីចោរលួចឆ្កឹះសោយកលុយចេញពីទូដែកនៅក្នុងរោងចក្រកាត់ដេរហាម៉ុនហ្គេនអស់ប្រមាណ១២.០០០ដុល្លារនៅតែកើតមានបើទោះបីជាសមត្ថ កិច្ចក្នុងមូលដ្ឋានខិតខំយាមល្បាតយ៉ាងណាក្តី ។

ជាក់ស្តែងកាលពីព្រហស្បតិ៍ ៨រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលា ម៉ោង៧ព្រឹកមានក្រុមជនសង្ស័យបានលួចឆ្កឹះទូដែកយកប្រាក់អស់ប្រមាណ១២.០០០ដុល្លារនៅក្នុងរោងចក្រកាត់ដេរហាម៉ុន ហ្គេន ស្ថិតក្នុងក្រុម២ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកជនរងគ្រោះឈ្មោះមាស រ៉ាវីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរប្រធានរដ្ឋបាលរោងចក្រកើតហេតុខាងលើ ស្នាក់នៅផ្ទះលេខ៣AE0 ផ្លូវលេខ ២២៥ ភូមិ២១ សង្កាត់ផ្សារដេរប៉ូ៣ ខណ្ឌ ទួលគោក (តំណាងក្រុមហ៊ុន)។ សម្ភារ បាត់បង់មានប្រាក់ចំនួន១២.០០០ដុល្លារហើយសម្ភារបន្សល់ទុកមានទូដែកចំនួន១ខូចទាំងស្រុង និងរូបថត១សន្លឹក ។

យោងតាមរបាយការណ៍របស់សមត្ថ កិច្ចបានឲ្យដឹងថា នៅពេលកើតហេតុប៉ុស្តិ៍ រដ្ឋបាលគោកឃ្លាងបានទទួលព័ត៌មានពី ជនរងគ្រោះថា នៅចំណុចខាងលើមាន ករណីចោរលួចឆ្កឹះទូដែកយកប្រាក់អស់ ១២.០០០ដុល្លារដោយជនសង្ស័យមិន ស្គាល់ឈ្មោះ។ ក្រោយពីទទួលព័ត៌មាន ភ្លាមសមត្ថកិច្ចបានសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសវេជ្ជសាស្ត្រ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះដល់ចំណុចកើតហេតុខាងលើដើម្បីត្រួត ពិនិត្យ ហើយឃើញថាពិតជាមានករណីចោរ ឆ្កឹះទូដែកលួចយកប្រាក់ប្រាកដមែន ។

ពាក់ព័ន្ធនឹងករណីក្រុមជនសង្ស័យលួចឆ្កឹះសោទូដែកយកប្រាក់អស់ជាច្រើននេះលោក ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថា ករណីខាងលើ កើតមានប្រាកដមែន ។

ដោយឡែកលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងដែរថា ករណីខាងលើនេះលោក បានសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចកទេសវេជ្ជសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះដល់ចំណុចកើតហេតុខាងលើនិងកំពុងស្រាវជ្រាវបន្ត៕ ស តារា


ចែករំលែក៖