ព័ត៌មានទាន់ហេតុការណ៍៖

ADB ចុះកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានជិត២០០លានដុល្លារដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ទេស រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ និងលោក Hideaki Iwasaki នាយកស្តីទី ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញ ប្បទានសហប្រតិបត្តិការសម្រាប់គម្រោង ចំនួន២ដែលមានទឹកប្រាក់សរុបចំនួន ១៩០លានដុល្លារអាមេរិក ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន២ដែលមានទឹកប្រាក់សរុប១៩០លានដុល្លារអាមេរិក ទី១-គម្រោងខ្សែចង្វាក់ផលិតកម្មប្រកប ដោយភាតរៈបរិស្ថាន និងទី២-គម្រោងកែ លម្អផ្លូវជនបទជំហានទី៣ ។

ទី១-គម្រោងខ្សែចង្វាក់ផលិតកម្មប្រកប ដោយភាតរៈបរិស្ថានគ្រោងចំណាយថវិកាសរុបចំនួន១៤១.០៤លានដុល្លារអាមរិក សម្រាប់គាំទ្រដល់ការបង្កើនប្រាក់ចំណូល ដល់ប្រជាជនតាមជនបទ និងជំរុញនូវការ ប្រកួតប្រជែងនៃចង្វាក់ផលិតកម្មកសិកម្ម ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម២០១៤-២០១៨ គោល នយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការ ជំរុញផលិតកម្មដំណាំស្រូវនិងការនាំចេញអង្ករ និងគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ។

ទី២-គម្រោងកែលម្អផ្លូវជនបទជំហាន ទី៣គ្រោងចំណាយថវិកាសរុប៦៦លាន ដុល្លារអាមេរិកសម្រាប់កែលម្អបន្ថែមផ្លូវ ជនបទដោយក្រាលកៅស៊ូ២ជាន់ (DBST) និងបេតុងដែលមានចំនួន២២ខ្សែ និងមាន ប្រវែងសរុបប្រមាណ៣៥៩,៨០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តគោលដៅចំនួន៥រួមមាន ខេត្ត កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង និងខេត្តក្រចេះ។ គម្រោងនេះក៏នឹងចូល រួមចំណែកក្នុងការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ជនបទរួមមានការធានាលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋជនបទឲ្យមានគម្លាតខិតជិតទីប្រជុំជននៅឆ្នាំ២០២៥ ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះADB និង មូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF) ដែលបានផ្តល់ការជឿ ទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់ គម្រោងខាងលើ និងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍនៅកម្ពុជាសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់ គ្រប់ស្រទាប់វណ្ណៈនៃប្រជាជនតាមរយៈការបន្តធានាសម្រេចឲ្យបាននូវចីរភាពនៃ កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ។

ជាមួយគ្នានេះដែរលោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអរគុណចំពោះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព (NCSD) ដែលបានផ្តល់ការគាំទ្រយ៉ាងទាន់ពេល វេលាក្នុងសំណើសុំហិរញ្ញប្បទានសម្រាប់គម្រោងខ្សែចង្វាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ។

លោកទេសរដ្ឋមន្ត្រីបានរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិការ ADB ដែលបាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ២,៩៥ប៊ីលានដុល្លារអាមេរិកដោយ គិតបញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន៥ដែល បានចុះហត្ថលេខាក្នុងពេលនេះ។ ក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុប ប្រមាណ២,៤៦ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន១០១ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបប្រមាណ៤៨៧លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន៥១។ ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរបស់ADBជាមួយរាជ រដ្ឋាភិបាលកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖