ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃនឹងចាត់វិធានការអង្គការខុមហ្វ្រែលចំពោះការឃ្លាំមើលការបោះឆ្នោតខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួង មហាផ្ទៃ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តារាជធានីខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអង្គការខុមហ្វ្រែលដែលដាក់ពង្រាយអ្នកសង្កេតការណ៍ឃ្លាំងមើលការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ បើអង្គការនេះមិនដាក់ពាក្យ ហើយមិន ទទួលស្គាល់ត្រឹមត្រូវពី គ.ជ.ប.។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានបន្តថា ការមិនដាក់ពាក្យស្នើសុំចុះឈ្មោះដាក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការបោះឆ្នោតនាពេលខាងមុខពី អង្គការខុមហ្វ្រែលនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ ហើយ ធ្វើសកម្មភាពដើរសម្ភាសអ្នកបោះឆ្នោត គឺជាទង្វើខុសច្បាប់។ ករណីនេះក្រសួង មហាផ្ទៃ និងកម្លាំងសមត្ថកិច្ចនឹងចាត់វិធានការដោយមិនទុកឲ្យធ្វើសកម្មភាពណា មួយប្រាសចាកពីច្បាប់នោះទេ ។

លោក ខៀវ សុភ័ក បានបញ្ជាក់ថា អង្គការខុមហ្វ្រែលដែលមានបំណងធ្វើសកម្មភាពបែបនេះគឺបំផ្លាញដល់ដំណើរការ និងលទ្ធផលបោះឆ្នោតនៅពេលដែលអង្គការមួយនេះចេញរបាយការណ៍ ឬសេចក្តីថ្លែង ការណ៍ណាមួយ។ អង្គការមួយនេះធ្លាប់ បានធ្វើរួចមកហើយកាលពីឆ្នាំ២០១៣ ដោយបានចេញរបាយការណ៍ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត និងឈានដល់ការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ លោក អះអាងថា បើចង់ដាក់ពង្រាយអ្នកសង្កេតការណ៍សម្រាប់ការឃ្លាំមើលការបោះឆ្នោតត្រូវមានការទទួលស្គាល់ពី គ.ជ.ប. និង មានកាតពាក់ឲ្យបានត្រឹមត្រូវ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងជា សមាជិក គ.ជ.ប. បានថ្លែងនៅក្នុងកិច្ច សម្ភាសន៍កន្លងទៅថា អង្គការខុមហ្វ្រែលបានស្នើសុំដាក់ពង្រាយអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅតាមគណៈកម្មការ រាជធានី-ខេត្តរៀបចំការបោះឆ្នោតមួយចំនួននៅទូទាំងប្រទេសកម្ពុជាតែត្រូវបានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត បដិសេធមិនទទួលយកចំពោះការស្នើសុំនេះដោយស្នើឱ្យអង្គការដែលធ្លាប់សង្កេតការណ៍បោះឆ្នោតមួយនេះទៅដាក់ពាក្យសុំនៅស្នាក់ការកណ្តាល គ.ជ.ប. បើមាន បំណងចូលរួមឃ្លាំមើលការបោះឆ្នោតថ្នាក់ជាតិ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជាង៦ម៉ឺននាក់មកពីជាង៨០ស្ថាប័ន ក្នុងនោះមានអ្នកសង្កេតការណ៍អន្តរជាតិ ពីប្រទេសមីយ៉ាន់ម៉ា ចិន និងប្រទេសសិង្ហ បុរី។ គ.ជ.ប.នឹងបញ្ចប់ការដាក់ និងការ ទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ និង អ្នកសង្កេតការណ៍អន្តរជាតិឈប់ទទួល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ៕ ហេង សូរិយា

 


ចែករំលែក៖