ព័ត៌មានទាន់ហេតុការណ៍៖

កាមេរ៉ាស្វ័យប្រវត្តិបំពាក់ក្នុងព្រៃសម្រាប់ថតរូបសត្វត្រូវគេលួច និងបំផ្លាញចោល

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កាមេរ៉ាថតរូបស្វ័យប្រវត្តិត្រែកចំនួន១០៧គ្រឿងដែលបំពាក់ក្នុងព្រៃសម្រាប់តាមដាន និងស្រាវជ្រាវវត្តមានសត្វព្រៃក្នុងខេត្តភាគឦសាននៃប្រទសកម្ពុជាត្រូវបានគេលួចដោះនិងបំផ្លិចបំផ្លាញចោល ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្ត្រ បានឲ្យដឹងកាលពីថ្ងៃ ព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ថា តាមរយៈទិន្នន័យដែលក្រុមការងារប្រមូលបានពីកាមេរ៉ាផ្សេងទៀតបានបង្ហាញថា ក្រុមជនប្រព្រឹត្តបទល្មើសបរបាញ់សត្វព្រៃដែលបានចូលលួច និងបំផ្លិចបំផ្លាញកាមេរ៉ាត្រែកនៅក្នុងតំបន់ការពារ និងអភិរក្សសត្វព្រៃទាំង២កន្លែងខាងលើបានស្លៀកពាក់ឯកសណ្ឋានស៊ីវិល ពាក់ស្បែកជើងផ្ទាត់ និងមានស្ពាយកាំភ្លើង អាកាស្វាយបត់ និងកាំភ្លើង M-16 ។

លោកបានបន្តថា យើងមិនអាចកំណត់ បានអត្តសញ្ញាណ និងមុខមាត់ពិតប្រាកដ របស់ក្រុមជនល្មើសទាំងនោះទេ ដោយសារទិន្នន័យដែលយើងទទួលបានពីកាមេរ៉ាត្រែកផ្សេងទៀតបានផ្ដិតជាប់រូបភាពក្រុមជនល្មើសត្រឹមស្មាចុះក្រោមប៉ុណ្ណោះ។ យ៉ាងណាក្តីខាងមន្ទីរបរិស្ថានបានដាក់ពាក្យ បណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីរួចហើយដើម្បីឲ្យជួយធ្វើអន្តរាគមន៍ស្រាវជ្រាវស្វែងរកចាប់ខ្លួន ក្រុមជនសង្ស័យទាំងនោះ ។

ពាក់ព័ន្ធនឹងករណីនេះស្នងការខេត្ត មណ្ឌលគិរីលោក ឡោ សុខា បានបញ្ជាក់ ថា នគរបាលជំនាញកំពុងបើកការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនល្មើសទាំងនោះ ប៉ុន្តែរហូតមកទល់ពេលនេះនគរ បាលនៅមិនទាន់កំណត់បានអត្តសញ្ញាណណាមួយនៅឡើយ ។

លោកបានបញ្ជាក់ថា ពេលនេះក្រុម កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងស្ងៀមស្ងាត់បំផុតដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមជនល្មើស ព្រោះករណីនេះយើងសង្ស័យមានជាប់ពាក់ព័ន្ធនឹងក្រុមជំនួញសត្វព្រៃខុសច្បាប់ ៕ ហេង សូរិយា


ចែករំលែក៖